ទូរទស្សន៍ CCTV បានផ្សព្វផ្សាយថា ក្រុមអាជ្ញាធរសុខាភិបាលរបស់ប្រទេសចិនបានបង្ហាញនូវក្តីបារម្ភយ៉ាងខ្លាំងចំពោះការឆ្លងរាលដាលនៃវីរុសជម្ងឺរលាកផ្លូវដង្ហើមថ្មី Coronavirus នៅរដូវចូលឆ្នាំថ្មីប្រពៃណីចិន ខណៈដែលវីរុសថ្មីនេះបានឆ្លងទៅកាន់បុគ្គលិកពេទ្យជាអ្នកថែទាំ និងព្យាបាលអ្នកជម្ងឺថ្មីនេះនៅមន្ទីរពេទ្យចំនួន១៤ករណីថ្មីបន្ថែមទៀត កាលពីថ្ងៃចន្ទ ទី២០ ខែមករានេះ ។
សូមរំលឹកជូនថា នៅចន្លោះឆ្នាំ២០០២និង២០០៣ មនុស្សប្រមាណជិត៦៥០នាក់បានបាត់បង់ជីវិតនៅទូទាំងប្រទេសចិន និងទីក្រុងហុងកុង ដោយសារជម្ងឺផ្តាសាយ សាស (SARS) ដែលជាជម្ងឺផ្លូវដង្ហើម និងចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតដូចជម្ងឺរលាកផ្លូវដង្ហើមថ្មី Coronavirus នេះដែរ ។
ប្រធានគណៈកម្មការសុខភាពជាតិរបស់ប្រទេសចិន (National Health Commission) បានអោយដឹងថា វីរុសជម្ងឺរលាកផ្លូវដង្ហើមថ្មី Coronavirus បានឆ្លងរាលដាលកាន់តែខ្លាំងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ខណៈដែលចំនួនអ្នកជម្ងឺដែលបានឆ្លងវីរុសនេះ បានកើនឡើងដល់ជាង១៤០នាក់ហើយ និងនៅប្រទេសបីក្នុងតំបន់ មានប្រទេសជប៉ុន ថៃ និងកូរ៉េខាងត្បូង ៕