អ្នកភូមិជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាមបានរិៈគន់មន្រ្តីខេត្តកំពង់ចាមថា បានបណ្តែតបណ្តោយឲ្យដើមឈើរាប់ពាន់ដើម និងស្មៅរាប់ពាន់ម៉ែត្រក្រឡា ដាំលម្អទ្រូងផ្លូវជាតិលេខ៦ ពីរង្វង់មូលព្រែកក្តាម ក្នុងស្រុកបាធាយ រហូតដល់ផ្លូវបំបែករង្វង់មូលស្គន់ ក្នុងស្រុកជើងព្រៃ ចាប់ផ្តើមងាប់ស្ទើរគ្មានសល់ ដោយសារខ្វះទឹកក្នុងការស្រោចនារដូវប្រាំងនេះ។
អ្នកភូមិជាច្រើននាក់ទៀត សុំលក្ខ័ណ្ឌមិនបញ្ជេញឈ្មោះបានរៀបរាប់ថា «នៅក្នុងខែមករាឆ្នាំ២០២០នេះមិនឃើញមានមន្រ្តីណាមួយធ្វើសកម្មភាពនៃការការប្រឹងប្រែងជួយស្រោចទឹកដើមឈើ និងស្មៅទាំងនេះឡើយ ហើយធ្លាប់តែស្រស់បំព្រងតែបែរជា ពេលនេះចាប់ផ្តើមជ្រុះស្លឹក និងងាប់ជាបណ្តើរៗទៅវិញ។»
អ្នកដំណើរតាមកំណាត់ផ្លូវនេះបានជំនុំគ្នាពេលសម្រាកឈប់ម្តងៗ និងលើកជជែកគ្នា ពាក់ព័ន្ធនឹងការងាប់នៃរុក្ចជាតិទាំងនេះ ដោយនិយាយចំអកថា គ្រាន់ប៉ុណ្ណឹង!! ហេតុអ្វីបានជាថ្នាក់ដឹកនាំខេត្តកំពង់ចាម រួមទាំងមន្ត្រីពាក់ព័ន្ធ មើលមិនឃើញឬយ៉ាងណាបានជាបណ្តោយឲ្យដំណាំនេះងាប់គ្មាននរណាដឹងសោះ។
ពលរដ្ឋអ្នកធ្វើដំណើរបានចំអកទៀតថា«ប្រហែលពេលអ្នកធំឬមន្រ្តីថ្នាក់ក្រោមធ្វើដំណើរតាមរថយន្តទំនើបៗ សម្រាន្តលក់ក្នុងរថយន្តឬបានជាមិនឃើញដើមឈើ និងស្មៅងាប់ដូច្នោះ»។
នៅថ្ងៃទី ២០ ខែមករានេះ Daily-Khmer មិនអាចសុំការពន្យល់ពី លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានទេ ពាក់ព័ន្ធនឹងដើមឈើ និងស្មៅងាប់នេះ ។ ប៉ុន្តែយោងតាមមន្រ្តីក្នុងខេត្តនេះ បានបង្ហើបថា កំណាត់ផ្លូវនេះស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនឬមន្ទីសារធារណៈការ ក្រោយពីចប់កិច្ចសន្យាជាមួយហ៊ុនម៉ៅការសាសង់ផ្លូវ និងដាំដើមឈើហើយ។
អ្នកស្រី នៅ ណារ័ត្ន អាយុ៥០ឆ្នាំ រស់នៅ នាភូមិជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម បានរៀបរាប់ថា កាលពីរដូវរាំងស្ងួតឆ្នាំកន្លងទៅឃើញរថយន្តដឹកទឺកក្នុងធុងធំៗ មកស្រោចជាញឹកញាប់ ឬយ៉ាងយូរបំផុត២ទៅ៣ថ្ងៃស្រោចម្តង ប៉ុន្តែ ចូលដល់ដើមរដូវប្រាំងរាំងស្ងួត នាចុងឆ្នាំ២០១៩ និងដើមឆ្នាំ២០២០នេះ អ្នកស្រីមិនសូវឃើញទេ ហើយអ្នកភូមិចេះតែនាំគ្នាឆ្ងល់ រីឯដើមឈើ និងស្មៅ ចាប់ផ្តើមងាប់បន្តបន្ទាប់។
ស្រ្តីវ័យជាង៤០ឆ្នាំ្នម្នាក់ទៀតបានបង្ហើបស្រដៀងគ្នាថា ថ្ងៃមួយ ក្រោយពីឈើ និងស្មៅ ចាប់ផ្តើមងាប់ជិតអស់ ស្រាប់តែឃើញរថយន្តដឹកទឹកមួយគ្រឿងមកបាញ់ស្រោចលើដំណាំ ដែលងាប់នេះ តែវាជាការយឺតពេលទៅហើយ។
ចំណែកប្រជាពលរដ្ឋរស់នៅអមកំណាត់ផ្លូវនេះលើកឡើងថា បើរាប់តាំងពីមេឃឈប់ភ្លៀង ឈានចូលរដូវប្រាំង នាខែកញ្ញា ឆ្នាំ២០១៩ ពួកគាត់មិនសូវឃើញសកម្មភាពស្រោចទឹកដាក់ដើមឈើ និងស្មៅឡើយ គឺខុសពីឆ្នាំកន្លងទៅ ដែលសកម្មភាពស្រោចទឹក តែងតែឃើញធ្វើឡើងស្ទើររាល់ថ្ងៃ លើកលែងតែក្នុងខែមករាឆ្នាំ២០២០នេះ។
អ្នកដឹងភូមិសាស្ត្រខាងលើបន្ថែមថា ពីផ្លូវពីរង្វង់មូលផ្លូវបំបែកព្រែកក្តាម ដល់ផ្លូវបំបែកស្គន់ មានចម្ងាយជាង៣០គីឡូម៉ែត្រ ចំណែកដើមឈើលើទ្រូងផ្លូវវិញ អាចមានចំនួនរាប់ពាន់ដើម និងមានតម្លៃក្នុងរង្វង់២០ដុល្លារក្នុងមួយដើម ទិញនាំចូលពីប្រទេសថៃ។