មណ្ឌលគិរី៖ ក្រសួងបរិស្ថាននិងអង្គការការីតាសកម្ពុជាបានប្រកាសដំណើរការគម្រោងអេកូទេសចរណ៍រយៈពេល ៣ ឆ្នាំ (ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២១) ជូនដល់សហគមន៍ តំបន់ការពារធម្មជាតិ ស្រែអ៊ីដែលមានគម្រោងថវិកាចំនួន ២០ម៉ឺនដុល្លារអាមេរិកជាជំនួយរបស់រដ្ឋាភិបាលអាល្លឺម៉ង់ តាមរយៈអង្គការការីតាសកម្ពុជា។
គម្រោងអេកូទេសចរណ៍ ត្រូវបានបើកសម្ពោធនៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ ២០២០ ដើម្បីជាប្រយោជន៍ ដល់ប្រជាសហគមន៍ដើម្បីបង្កើនចំណូល បង្កើត សេដ្ឋ កិច្ច មូលដ្ឋាន កាត់បន្ថយការប្រព្រឹត្តអំពើខុសច្បាប់លើធនធានធម្មជាតិ។
សូមបញ្ជាក់ថា សហគមន៍ តំបន់ការពារធម្មជាតិស្រែអ៊ីមានសក្តានុពលខ្លាំងដោយតំបន់នោះសម្បូណ៌ព្រៃឈើ សម្បូណ៌ដោយ សត្វព្រៃជាពិសេសសត្វក្ងោកដែលជាទីគួរឱ្យទាក់ទាញ។
ទន្ទឹមនឹងការប្រកាសគាំទ្រគម្រោងអេកូទេសចរណ៍នេះ លោកសាយ សំអាល់ រដ្ឋ មន្ត្រី ក្រសួងបរិស្ថានបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា មានបំណងប្រែក្លាយតំបន់អភិរក្សដែលបច្ចុប្បន្ននេះ ឱ្យទៅជាតំបន់ ទេសចរណ៍ធម្មជាតិដើម្បីជាការឆ្លើយតបនឹងកំណើននៃវិស័យទេសចរណ៍និងតម្រូវការរបស់ពលរដ្ឋនៅ ក្នុងការដើរកម្សាន្ត ។
លោករដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងថា បច្ចុប្បន្ននេះ ទេសចរណ៍ក្នុងស្រុក មានកំណើនឡើងគួរឱ្យកត់សម្គាល់ដោយសារតែប្រជាពលរដ្ឋមានជីវភាព ធូរធារដោយសារតែកំណើន សេដ្ឋកិច្ចជាតិ និងសុខសន្តិភាពគ្របដណ្តប់ទូទាំងប្រទេស។
លោករដ្ឋមន្រ្តី សាយ សំអាល់ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា មាន ទិសដៅធ្វើយ៉ាងណាឱ្យសហគមន៍មានចំណូលបន្ថែម និងបង្កើតជម្រើសថ្មីសម្រាប់ការប្រកប មុខរបរចិញ្ចឹមជីវិតដើម្បីកាត់ផ្តាច់ពីការពឹងអាស្រ័យលើអនុផលព្រៃឈើដែលជាទម្លាប់មានពីយូរលង់ណាស់មកហើយរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋានដោយបង្កើតមុខរបរថ្មីបម្រើឱ្យវិស័យអេកូទេសចរណ៍ ព្រមទាំងការបណ្តុះបណ្តាលសហគមន៍ឱ្យចេះគ្រប់គ្រង និងការចិញ្ចឹមសត្វផ្គត់ផ្គង់ទីផ្សារ ការដាំដំណាំរួមផ្សំផ្សេងទៀតមានបន្លែបង្ការសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃខ្លួនឯងផង និងសម្រាប់បម្រើ សេវាកម្មដល់ភ្ញៀវទេសចរដែលទៅទស្សនាកម្សាន្តនៅក្នុងតំបន់សហគមន៍របស់ពលរដ្ឋផងដែរ ៕