ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អត្រាអ្នកស្លាប់ដោយជំងឺផ្លូវដង្ហើមឈ្មោះ កូរ៉ូណា នៅចិនកំពុង កើនឡើងហើយអត្រាអ្នកឆ្លងមេរោគនេះ កើនដល់រាប់ពាន់ករណី

ចិន​៖ នៅព្រឹកថ្ងៃទី២៧ ខែមករានេះ អត្រាអ្នកស្លាប់ដោយជំងឺផ្លូវដង្ហើម ឈ្មោះ កូរ៉ូណា នៅក្នងប្រទេសចិន  បានកើនដល់៨០នាក់ ខណៈអត្រាអ្នកឆ្លងមេរោគនេះ កើនឡើងរាប់ពាន់នាក់។

យោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន RT របស់រុស្ស៊ីបានឲ្យដឹងថា អ្នកជំងឺ ២៤អ្នកទៀត នៅខេត្តហ៊ូប៊ី បានស្លាប់ នៅព្រឹកនេះ ចំណែកអត្រាអ្នកឆ្លងមេរោគ កើនដល់២៥០០ករណី។

កាលពីថ្ងៃទី២៦ ខែមករា​ ឆ្នាំ២០២០ នេះ មន្ដ្រីសហរដ្ឋអាមេរិកបានបញ្ជាក់ថា រដ្ឋា ភិបាលកំពុងរៀបចំជើងហោះហើរពិសេស ដើម្បីជម្លៀសមន្ដ្រីទូតចេញពីទីក្រុង វូហាន ប្រទេសចិន ដែលជាទីតាំងជំងឺផ្លូវដង្ហើមប្រភេទថ្មីបានផ្ទុះឡើង ហើយបច្ចុប្បន្នការធ្វើដំណើរចេញចូលកំពុងស្ថិតក្រោមការរិតត្បិតយ៉ាងតឹងរឹង។ នេះបើ យោងតាមការចេញផ្សាយដោយសារព័ត៌មាន CNN។

រដ្ឋាភិបាលសហរដ្ឋអាមេរិក មានកិច្ចសន្យាជាមួយភ្នាក់ងារដឹកជញ្ជូន ដើម្បីជម្លៀសអ្នកការទូតប្រមាណ៣០រូប និងក្រុមគ្រួសាររបស់ពួកគេ ដើម្បីចាកចេញពីស្ថានកុងស៊ុលអាមេរិកប្រចាំទីក្រុងវូហាន ប្រទេសចិន។

ប្រភពដដែលបានឱ្យដឹងថា ស្ថានកុងស៊ុលត្រូវបានបិទជាស្ថាពរ ហើយមន្ដ្រីទូតសហរដ្ឋអាមេរិកទាំងអស់កំពុងត្រៀមចាកចេញពីទីក្រុងនេះ តាមជើងហោះហើរពិសេស ។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ វីរុសផ្លូវដង្ហើមកូរ៉ូណាបានឆ្លងរាលដាលដល់ប្រទេសមួយចំនួននៅជុំវិញពិភពលោក មានប្រទេសថៃ ជប៉ុន ម៉ាឡេស៊ី សិង្ហបុរី អូស្ត្រាលី បារាំង សហរដ្ឋអាមេរិក កូរ៉េខាងត្បូង វៀតណាម នេប៉ាល់ និងប្រទេសកាណាដា ៕