ប្រមុខថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កម្ពុជា-ចិន ខិតខំយ៉ាងណាពង្រីកការធ្វើពាណិជ្ជកម្មវិនិយោគ សេវា និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅជាងមុន សំដៅសម្រេចឲ្យបានគោលដៅពាណិជ្ជកម្មសរុប ១០ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៣ តាមការកំណត់ផងដែរ។
យោងតាមក្រសួងពាណិជ្ជកម្ម ស្តីពីការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នៅរសៀលថ្ងៃទី២៨ មករា ឆ្នាំ២០២០នេះ បានលើកឡើងថា យោងតាមសេចក្តីណែនាំរបស់ប្រមុខថ្នាក់ដឹកនាំ គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម លី គឺជាំង (Li Keqiang) នាយករដ្ឋមន្ត្រីចិន នៅក្នុងជំនួបកាលពីថ្ងៃទី២០–២៣ ខែមករាកន្លងទៅ នៅទីក្រុងប៉េកាំង ឲ្យក្រុមការងារនៃប្រទេសទាំង២ រៀបចំសិក្សាពីលទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេរភាគីកម្ពុជា-ចិន ភាគីទាំងពីរបានចាប់ផ្តើមសិក្សា និងរាយការណ៍ពីអត្ថប្រយោជន៍នៃការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេរភាគី ព្រមទាំងទទួលបានអាណត្តិពីរដ្ឋាភិបាលនៃប្រទេសទាំងពីរឲ្យដំណើរការចរចារលើកិច្ចព្រមព្រៀងនេះ។
តាមការចរចាជុំទី១ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី នៅទីក្រុងប៉េកាំង ប្រទេសចិន រវាងមន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មកម្ពុជា និងចិន នៅថ្ងៃទី២០ និង២១ ខែមករា ភាគីទាំង២បានវាយតម្លៃខ្ពស់អំពីទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី។ ឆ្លងកាត់ការចរចារយៈពេល ២ថ្ងៃនោះ ប្រធាក្រុមចរចានៃប្រទេសទាំង២ បានកត់សម្គាល់លទ្ធផលជាវិជ្ជមានរបស់ក្រុមការងារចរចាទាំង១០ក្រុម ដោយបានផ្លាស់ប្តូរមតិ និងគោលជំហរទៅវិញទៅមក ព្រមទាំងឯកភាពលើមាត្រាមួយចំនួននៅក្នុងជុំចរចានេះផងដែរ។
ភាគីទាំង២នឹងជំរុញឲ្យបានកាន់តែឆាប់រហ័សនូវការលើកឡើងចំណុច ឬសំណើរផ្សេងៗ តាមក្រុមការងារនីមួយៗ សំដៅឈានទៅរកការឯកភាពលើកិច្ចព្រមព្រៀងក្នុងពេលឆាប់ៗខាងមុខ។ ទន្ទឹមនេះ ប្រធានក្រុមចរចាទាំង២ បានឯកភាពជុំវិញកិច្ចពិគ្រោះយោបល់ និងសម្របសម្រួលក្នុងប្រទេសរៀងៗខ្លួនឲ្យបានមុនជុំទី២នៃការចរចា ដែលគ្រោងនឹងធ្វើនៅប្រទេសកម្ពុជាក្នុងឆមាសទី១ នៃឆ្នាំ២០២០នេះ៕