លោក ម៉ាហ្ស៊ីម យូវ៉េដូវ (Maxim Uvaydov) អនុរដ្ឋមន្ត្រីក្រសួងកសិកម្មរបស់ប្រទេសរុស្ស៊ីបានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី Russian news agency នៅថ្ងៃពុធ ទី០៥ ខែកុម្ភៈនេះថា ក្រសួងនឹងមិនពិចារណាពីការរឹតបន្តឹងការនាំចូលផលិតម្ហូបអាហារពីប្រទេស ចិននោះទេ ទោះបីជាមានការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើមកូរ៉ូណាក៏ដោយ ។
លោក ម៉ាហ្ស៊ីម យូវ៉េដូវ បានបន្ថែមថា រុស្ស៊ីនៅតែទទួលយកការផ្គត់ ផ្គង់ផលិតផលម្ហូបអាហារពីចិន ខណៈដែលរហូតដល់ពេលនេះនៅមិនទាន់មានព័ត៌មានដែលបង្ហាញថា វីរុសផ្លូវដង្ហើមកូរ៉ូណាអាចឆ្លងតាមរយៈផលិតផលម្ហូបអាហារនោះទេ ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃពុធនេះដែរ ចំនួមនុស្សស្លាប់ដោយវីរុសកូរ៉ូណាបានកើនឡើងដល់៤៩២នាក់ហើយ ដែលមនុស្សស្លាប់ចំនួន ៤៩០នាក់នៅប្រទេសចិន ម្នាក់នៅប្រទេសហ្វីលីពីន និងម្នាក់ទៀតនៅទីក្រុងហុងកុង ហើយចំនួមនុស្សដែលបានឆ្លងវីរុសនេះ ក៏បាន កើនឡើងយ៉ាងលឿនផងដែររហូតដល់ជិត ២៥០០០នាក់ហើយ ៕

