ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ទស្សនមិត្តអ្នកអាន៖កាហ្វេមួយកែវតម្លៃ ៧០ដុល្លារ ស្មើនឹងខ្ញុំលក់សៀវភៅ១៤ ក្បាលឬលក់អង្ករ២ បាវ

ទស្សនមិត្តអ្នកអាន៖ កាហ្វេមួយកែវតម្លៃ ៧០ដុល្លារ ស្មើនឹងខ្ញុំលក់សៀវភៅ១៤ ក្បាលឬលក់អង្ករ២ បាវ!!!

ដើម្បីពិសាកាហ្វេមួយកែវដែលរោយពីលើដោយកំទេចមាស២៤ ការ៉ាត់ ត្រូវចំណាយ៧០ដុល្លារ ស្មើនឹងខ្ញុំលក់សៀវភៅ១៤ ក្បាល ឬលក់អង្ករ២ បាវ។
កាហ្វេ​រោយមាសឬកាហ្វេស្រោបមាស ជាសេវាកម្មលំដាប់ផ្កាយប្រាំមួយបែបកំពុងពេញនិយមនៅទីក្រុងឌូបៃនិងអាប៊ូដាប៊ីនាពេលបច្ចុប្បន្ន។ បន្ទាប់ពីសាកកាហ្វេមាសរួច មានអ្នកខ្សឹបថា បើបងទៅបន្ទប់ជួយប្រាប់ផង។
ហ៊ុំព័ទ្ធដោយវាលខ្សាច់និងសមុទ្រ ទីក្រុងស្ថាបត្យកម្មបែបទំនើបទាំងពីរនេះអាចទាញភ្ញៀវទេសចរមកកំសាន្តរហូតដល់១៦ លាននាក់កាលពីឆ្នាំ២០១៩ កន្លង​ទៅនេះ។
រហូតមកទល់ពេលនេះ ទីក្រុងឌូបៃនិងអាប៊ូដាប៊ីនៃប្រទេសអារ៉ាប់រួម ត្រូវបានគេសន្និដ្ឋានស្ទើរគ្រប់គ្នាថា អាចធ្វើមានធ្វើបានដោយសារធនធានប្រេង តែ​​ជាក់ស្តែងចំណូលបានពីប្រេងមានត្រឹមតែ១០ ភាគរយប៉ុណ្ណោះ ខណៈវិស័យទេសចរណ៍អាចរកចំណូលរហូតដល់៣៦ ភាគរយឯណោះ។
អគាររចនាបទប្លែកៗនិងទំនើបៗនិងអគារ Burj Khalifa (ជិត១គីឡូម៉ែត្រ) ខ្ពស់ជាងគេនៅលើពិភពលោក ដំណើរកំសាន្តដោយជិះឡានឆ្លងកាត់សមុទ្រខ្សាច់ ជិះសត្វអូដ្ឋនៅលើវាលខ្សាច់ មើលនារីរាំបញ្ចេញក្បាលពោះ ក្រេបរសជាតិកាហ្វេស្រោបមាស និងសួនផ្កានៃក្តីស្រមៃរបស់នារីៗសុទ្ធតែជាការកែច្នៃរបស់​រដ្ឋាភិបាលនិងពលរដ្ឋរបស់ប្រទេសមួយនេះ រហូតធ្វើឱ្យគេអាចប្រែក្លាយពីប្រទេសក្រទៅជាប្រទេសអ្នកមាន។


នៅអារ៉ាប់រួម មានរឿងប្លែកៗច្រើនដែលខ្ញុំមិនអាចរៀបរាប់អស់នៅលើបណ្តាញសង្គមហ្វេសប៊ុក តែសូមរំលេចខ្លះៗដូចជា ជនបរទេសរហូតដល់៨០​ភាគ​រយឯណោះចូលមកធ្វើការនៅក្នុងប្រទេសនេះ តែពលរដ្ឋដើមដែលមានតែ២០ភាគរយនៃប្រជាពលរដ្ឋសរុបជិត១០លាននាក់នៅតែជា “ថៅកែ” មាន​ន័យ​ថា វិនិយោគបរទេសមានសិទ្ធិកាន់កាប់ភាគហ៊ុនតែ៤៩ភាគរយ ក្រៅពីនោះគឺពលរដ្ឋអារ៉ាប់រួមជាអ្នកឈរឈ្មោះឲ្យក្រុមហ៊ុនទាំងអស់ ហើយអាចឈរតំ​ណាង​ឲ្យក្រុមហ៊ុនច្រើនក៏បាន និយាយមួយបែបថា “អង្គុយចាំយកលុយពីភាគហ៊ុន”។
បុរសៗមានសំណាងអាចយកប្រពន្ធដល់ទៅបួន តែត្រូវមានលុយ មានពេលវេលា និងមានកំលាំងគ្រប់គ្រាន់ដើម្បីចែករំលែកឲ្យស្មើៗគ្នា (មានន័យថា ឲ្យមួយៗស្មើគ្នា ឬពីរៗស្មើគ្នា)។ បុរសៗនៅឌូបៃបាននិយាយថាអ្នកដែលអាចមានប្រពន្ធ៤ ទាល់តែអ្នកមាន អ្នកក្រមិនអាចធ្វើបានឡើយ។
ចំណែកឯនារីវិញ ពុំមានសិទ្ធិយកប្តីលើសពីមួយទេ តែមានសំណាងត្រង់បុរសជាប្តីជាអ្នករកស៊ីចិញ្ចឹម ហេតុ ដូច្នេះហើយបានជានៅតាមទីផ្សារលក់ដូរ នៅតាមដងផ្លូវ នារីបាត់អស់ ឃើញតែបុរសជាអ្នកលក់ដូរទៅវិញ។


ក្នុងបេសកកម្មបីថ្ងៃនៅទីនេះ ខ្ញុំសង្កេតឃើញពលរដ្ឋអាស៊ីយើងច្រើនណាស់មកបម្រើការនៅទីក្រុងឌូបៃនិងអាប៊ូដាប៊ី ភាគច្រើនជាជនជាតិហ្វីលីពីន និង​វៀតណាម ។
ដោយឡែកសម្រាប់ពលរដ្ឋខ្មែរដែលមកប្រទេសនេះ គួរកុំរំពឹងទិញសម្លៀកបំពាក់ឬរបស់ប្រើប្រាស់អី ព្រោះតម្លៃលក់និងការចាយវាយទូទៅភាគច្រើនសម្រាប់​អ្នកមាន លើកលែងតែមកក្នងក្របខ័ណ្ឌបេសកម្ម ឬត្រូវបានគេប៉ាវ (ចេញលុយឲ្យ)។ ដូចនេះមិត្តភ័ក្រ្តទាំងឡាយដែលរង់ចាំកាដូ សូមកុំអាក់អន់ស្រពន់ចិត្តអី ៕