ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងពាណិជ្ជកម្មបង្ហាញនូវសម្បទានពន្ធចំពោះមុខទំនិញមួយចំនួនក្រោមក្របខ័ណ្ឌអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងសព្វាវុធ (EBA)»

សេចក្តីប្រកាសព័ត៌មាន ស្ដីពី នីតិវិធីនៃការព្យួរជាបណ្តោះអាសន្ន នូវសម្បទានពន្ធចំពោះមុខទំនិញមួយចំនួន ក្រោមក្របខ័ណ្ឌអនុ គ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងសព្វាវុធ (EBA)»

ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រសួងពាណិជ្ជកម្មបានទទួលលិខិតលេខ Ares (2020) 868510 ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ របស់គណៈ កម្មការអឺរ៉ុប (European Commission)។

តាមរយៈស្ថានទូតសហភាពអឺរ៉ុបប្រចាំ នៅព្រះរាជាណាចក្រកម្ពុជា ជូនដំណឹងអំពីនីតិវិធីនៃការព្យួរជាបណ្តោះអាសន្ននូវសម្បទានពន្ធ ចំពោះមុខទំនិញ មួយចំនួន ក្រោមក្របខ័ណ្ឌអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងសព្វាវុធ (EBA)»។

សេចក្ដីនៃលិខិតនេះ បានគូសបញ្ជាក់អំពីមុខទំនិញចំនួន៤០ (សែសិប) មុខនៃបន្ទាត់ពន្ធ ៦ (ប្រាំមួយ) ខ្ទង់ ដែលផលិតនៅកម្ពុជាហើយមានសមត្ថភាពប្រកួតប្រជែង ដែលអ្នកនាំចេញកម្ពុជាមានលទ្ធភាពអាចបង់ពន្ធនាំចេញ ទៅកាន់ទីផ្សារអឺរ៉ុប។

ទន្ទឹមនោះ នៅសល់មុខទំនិញប្រមាណជាង ៩.០០០ (ប្រាំបួនពាន់) មុខទៀត នៅតែទទួល បានភាពអនុគ្រោះពីសហភាពអឺរ៉ុបក្រោមប្រព័ន្ធគ្រប់មុខទំនិញលើកលែងសព្វាវុធ (EBA) ក្នុងគោលបំណងបន្ត ជួយដល់កម្ពុជាក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច រក្សាការងារ និងប្រភពចំណូលជូនកម្មករ-កម្មការិនី និងក្រុមគ្រួសារ។

តាមនីតិវិធីនៃបទប្បញ្ញត្តិស្ដីពីក្របខ័ណ្ឌអនុគ្រោះពន្ធទូទៅរបស់សហភាពអឺរ៉ុប មុខទំនិញដែលបានស្នើសុំព្យួរ សម្បទានពន្ធជាបណ្ដោះអាសន្នចំនួន ៤០ មុខខាងលើ នឹងត្រូវដាក់ជូនក្រុមប្រឹក្សាអឺរ៉ុប និងសភាអឺរ៉ុប ពិនិត្យលើ ទម្រង់ និងគតិច្បាប់ ដែលត្រូវប្រើពេលវេលាប្រមាណ ២ (ពីរ)ខែជាបន្តទៀត ចាប់ពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០។

ក្នុងន័យនេះ សភាអឺរ៉ុបមានសិទ្ធិជំទាស់ទៅនឹងសេចក្ដីស្នើច្បាប់សុំព្យួរជាបណ្ដោះអាសន្នរបស់គណៈកម្មការអឺរ៉ុប។ ក្នុងករណីចាំបាច់ សភាអឺរ៉ុបអាចប្រើពេលវេលា ២ (ពីរ)ខែបន្ថែមទៀត ដើម្បីធ្វើការពិចារណា។

តាមការពិគ្រោះយោបល់ជាមួយតំណាងរោងចក្រដែលកំពុងផលិតនិងនាំចេញផលិតផលទាំង ៤០មុខ ទៅ កាន់ទីផ្សារអឺរ៉ុប ឃើញថា បើមានការសម្រេចឲ្យព្យួរសម្បទានពន្ធជាបណ្ដោះ​អាសន្ននៅចុងឆ្នាំ២០២០ មែននោះ បណ្ដារោងចក្រទាំងនោះ នៅតែមានលទ្ធភាពបន្តផលិតកម្មនៅកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារអឺរ៉ុបដដែល។

ដោយសារ រាជរដ្ឋាភិបាលបាន និងកំពុងអនុវត្តនូវកំណែទម្រង់ មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិកា រវាងរាជរដ្ឋាភិ បាល និងវិស័យឯកជន កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩។

សេចក្ដីដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាប និងផ្ដល់ទំនុកចិត្តទៅលើការដឹកនាំរបស់រាជរដ្ឋាភិបាល។