ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

គណៈកម្មការដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា បើកកិច្ចប្រជុំលើកទី១ ឆ្នាំ២០២០

ភ្នំពេញ៖ គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា លើកទី១ ឆ្នាំ២០២០ បានបើកកិច្ចប្រជុំនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ នៅព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ។

លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធាន គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដ កម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា បានលើកឡើងថា កន្លងមកនេះយើងពិតជាមានមោទនៈភាពណាស់ដែលគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញារបស់យើងទាំងនៅថ្នាក់ជាតិ និងតាមរាជធានីខេត្ត បានចូលរួមអនុវត្តប្រកប ដោយជោគជ័យនូវតួនាទី និងភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ជូន ជាពិសេស បទបញ្ជារបស់រាជរដ្ឋាភិបាល លេខ ០២ ស្តីពីការអនុវត្តផែនការស្តីពីការទប់ស្កាត់ និងដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា ឆ្នាំ២០១៦-២០១៩ ។

បទបញ្ជារបស់រាជរដ្ឋាភិបាល លេខ ០៣ ស្តីពីការរក្សាការពារ សន្តិសុខ សណ្តាប់សាធារណៈនៅតាមតំបន់រោងចក្រ សហគ្រាស និងតំបន់ឧស្សាហកម្មការអនុវត្តនូវសារាចរណែនាំរបស់រាជរដ្ឋាភិបាល លេខ ១០ ស្តីពីការប្រគល់ភារៈកិច្ចជូនអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ជួយសម្របសម្រួលការគ្រប់គ្រងរោងចក្រ សហគ្រាសដែលស្ថិតក្នុងភូមិសាស្ត្ររាជធានី ខេត្ត ។

ទន្ទឹមនឹងនេះ បានរៀបចំ និងពង្រឹងយន្តការគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាម គ្រប់មុខសញ្ញា និងបានយកចិត្តទុកដាក់ដល់ការបណ្តុះបណ្តាល កសាងសមត្ថភាពប្រតិបត្តិការ និងស្មារតីទទួលខុសត្រូវក្នុងការបំពេញភារកិច្ច។

លោករដ្ឋមន្ត្រី បញ្ជាក់ថា ជាការពិតណាស់ (គកប )ពិតជាបានរួមចំណែកដ៏សំខាន់ក្នុងការចូលរួមថែរក្សាការពារនូវ សុខសន្តិភាព សណ្តាប់ធ្នាប់សង្គម និងការពង្រឹងនីតិរដ្ឋ ដើម្បីជីវភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងបានទប់ស្កាត់ និងដោះស្រាយដោយជោគ ជ័យ។

លោកអ៊ិត សំហេង បានបញ្ជាក់បន្ថែមថា ដូចនេះ គកប ត្រូវតែបន្តអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវក្នុងការដឹកនាំបញ្ជាបំពេញភារកិច្ច ដើម្បីធានាសន្តិភាព ស្ថិរភាពនយោបាយ ទប់ស្កាត់សកម្មភាពពិសពុលខាងលើ និងបន្តរក្សាបរិយាកាសនយោបាយ ស្របតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាលលេខ១០ បទបញ្ជារបស់រាជរដ្ឋាភិបាលលេខ ០២ និង០៣ ហើយផែនការនេះនឹងធ្វើការកែលម្អ និងកាន់តែមុតស្រួច សម្រាប់ឆ្នាំ២០២០-២០២៤បន្តទៀត៕