ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ណែនាំឲ្យម្ចាស់ទីតាំងសណ្ឋាគារនិងផ្ទះប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងជនបរទេសឲ្យមានប្រសិទ្ធភាព

(កណ្តាល)៖ លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា អគ្គនាយករងអន្តោប្រវេសន៍ តំណាងនាយឧត្តសេនីយ៍ គៀត ច័ន្ទថារិទិ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០បានដឹកនាំក្រុមការងារគ្រប់គ្រងវត្តមានជនបរទេសតាមប្រព័ន្ធ Foreigner Presence in Cambodia (FPCS) របស់អគ្គនាយកអន្តោប្រវេសន៍ប្រជុំផ្សព្វផ្សាយការងារគ្រប់គ្រងវត្តមានជនបរទេសនៅកម្ពុជានៅស្នងការរដ្ឋាននគរបាលខេត្តកណ្តាល។
លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល អនុប្រធាននាយកដ្ឋានស្នងការរងទទួលការងារអន្តោប្រវេសន៍ លោកអធិការ-អធិ​ការរង លោកនាយ-នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល និងមន្ត្រីសរុបចំនួន ២៤៥នាក់មាន ១២៩ប៉ុស្តិ៍រដ្ឋបាលនគរបាល ទាំង១១ក្រុង-ស្រុកផងដែរ​​។
លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា បានស្នើឲ្យស្នងការដ្ឋានត្រូវតែយកចិត្តទុកដាក់ទៅលើការគ្រប់គ្រងវត្តមានជនបរទេសតាមប្រព័ន្ធ FPCS នេះ និង​ពន្យល់ណែនាំអំពីគុណសម្បត្តិ និងគុណវិត្តនៃការប្រើប្រាស់ប្រព័ន្ធនេះផងដែរ។
ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ក៏បានណែនាំដល់លោកស្នងការងលោកអធិការ -អធិការរង ជាពិសេសលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងមន្ត្រីនគរ​បាលប៉ុស្តិ៍រដ្ឋបាលទាំង ១២៩ប៉ុស្តិ៍រដ្ឋបាលនគរបាលត្រូវយកចិត្តទុកដាក់យល់ច្បាស់អំពីរបៀបប្រើប្រាស់ប្រព័ន្ធ FPCS ដើម្បីជាគ្រូបង្គោល និងធ្វើការណែ​នាំ​បង្រៀនបន្តដល់បណ្តាម្ចាស់ទីតាំង សណ្ឋាគារ ផ្ទះសំណាក់ ឬអ្នកកាន់កាប់លំនៅដ្ឋានគ្រប់ប្រភេទ។
ក្រុមការងារបច្ចេកទេសត្រួតពិនិត្យនិងគ្រប់គ្រងប្រព័ន្ធ FPCS បានធ្វើបទបង្ហាញបន្ថែមទៀតអំរបៀបបង្កើតគណនី និងរបៀបប្រើប្រាស់ប្រព័ន្ធ FPCS​ផងដែរ។គោលបំណង នៃការដាក់ឲ្យប្រើប្រាស់ ប្រព័ន្ធគ្រប់គ្រងវត្តមានអន្តោប្រវេសសន្ត ឬមិនមែនអន្តោប្រវេសសន្ត តាមរយៈប្រព័ន្ធអេឡិចត្រូនិកនេះ គឺដើម្បីងាយគ្រប់គ្រងជនបរទេស ដែលចូលមកស្នាក់នៅក្នុងប្រទេសកម្ពុជា។
កន្លងមកនេះមានខេត្តមួយចំនួន គ្រប់គ្រងជនបរទេសមិនបានល្អ ហើយជនបរទេសទាំងនោះ បានបង្កបទល្មើសផ្សេងៗ និងបានលាក់ខ្លួននៅក្នុងសណ្ឋាគារ កាស៊ីណូ ជាដើម។ ដោយស្ថិតក្នុងស្ថានភាពបែបបនេះ នៅពេលអាជ្ញាធរបរទេសស្នើសុំរកមុខសញ្ញាដែលចូលមកប្រទេសយើង គឺវាមានការពិបាក​ក្នុងស្រាវជ្រាវរកមុខសញ្ញាទាំងនោះ។
ការប្រើប្រព័ន្ធអេឡិចត្រូនិក FPCS (Foreigner Presence in Cambodia) អត្តសញ្ញាណជនបរទេសទាំងអស់ នឹងចូលទៅក្នុងប្រព័ន្ធគ្រប់គ្រងរបស់សមត្ថ​កិច្ច ហើយក៏ងាយស្រួលក្នុងការគ្រប់គ្រងជនបរទេស ជាពិសេសគឺការបង្ក្រាបបទល្មើស បានទាន់ពេលផងដែរ៕