លោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មានប្រសាសន៍ឆ្លើយតបនិងអង្គការលើកលែងទោសអន្តរជាតិ( Amnesty International )ដោយលោកសង្កត់ធ្ងន់ថា បើលក់ដូរលក់ទៅគ្មានរណារករៀង តែកុំលក់ហួសហេតុធ្វើឲ្យបាត់បង់តម្លៃខ្លួនឯងក្នុងនាមជាស្រ្តីខ្មែរ ហើយសុំផផ្ញើសារព្រមានរបស់អង្គការមួយដែលចោទថា កម្ពជាហាមស្ត្រីស្លៀកពាក់ស៊ិចស៊ីលក់ផលិតផលលើបណ្តាញសង្គមជាការរើសអើង និងបង្កឱ្យកើតមានអំពើហិង្សាប្រឆាំងនឹងស្ត្រី។
លោកបានមានប្រសាសន៍ថា «តាមពិតដូចជាចម្លែកពេកហើយ ដោយសារតែ ថ្មីៗនេះប្រមុខដឹកនាំយើងមានប្រសាសន៍ហើយពីវិធានការនេះ ដែលទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ស្រ្តីៗនៅកម្ពុជាទៅលើអ្នកឡាយលក់ផលិតផលអនឡាញកន្លងទៅ ដោយសារអស់លោកមិនស្គាល់វប្បធម៌និងអរិយធម៌កម្ពុជាពិត ធ្លាប់ប្រទេសលោកដើរស្រាតឬស្លៀកស៊ិចស៊ីតាមសារធារណៈមិនខ្វល់ក៏បានតែខុសពីច្បាប់ទំលាប់កម្ពុជាទាំងស្រុង»។
មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មានបានថ្លែងថា សព្វថ្ងៃនេះការប្រើប្រាស់ប្រព័ន្ធសង្គមវាទូលំទូលាយពេក រហូតអ្នកខ្លះនិងជេរប្រមាថមាក់ងាយគ្នានឹងឈានដល់ការប្រមាថមាក់ងាយធ្ងន់ធ្ងរដល់អង្គព្រះមហាក្សត្រទៅទៀត នេះបើសិនយើងនិយាយជារួមមក។ ដោយឡែកអ្នកខ្លះវាជ្រុលហួសហេតុពេក រហូតទៅស្លៀកពាក់ហួសពីអ្នកលក់ដូរទៅទៀត រហូតដល់មានការកោះអញ្ជើញពីអាជ្ញាធរ ដើម្បីណែនាំនិងដាក់លក្ខណ្ឌផ្សេងៗ។
លោក ជា ច័ន្ទបរិបូរណ៍ បានចាត់ទុកថា« ចំពោះ Amnesty International ដែលលើកឡើងនោះ តើលោកមានការយល់ពីវប្បធម៌ ប្រពៃណី និងអរិយធម៌របស់កម្ពុចាទេ ឬអស់លោកចង់ឲ្យប្រទេសមួយធ្វើតាមប្រទេសមួយ ដូចប្រទេសអស់លោកស្លៀកស៊ិចស៊ីហួសហេតុតាមចិត្ត ហើយចំណែកវប្បធម៌កម្ពុជាគឺអត់ទេ គឺផ្សេងមិនដូចប្រទេសលោកឯងស្រាតនៅកណ្តាលវាលទេ កម្ពុជាមានវប្បធម៌និងប្រពៃណីរបស់ខ្លួន សូមកុំយកសេចក្តីថ្លៃថ្នូរបស់ខ្មែរធ្វើឲ្យដូចប្រទេសលោកនោះ»។
លោកបានថ្លែងទៀតថា អង្គការលោកដែលចោទប្រកាន់កម្ពុជាបង្ករហិង្សារនិងប្រឆាំងលើស្រ្តី របៀបការវាយតម្លៃរបស់អស់លោកបែបនិងហើយ ដែលធ្លាប់វាយតម្លៃកម្ពុជាមិនដែលត្រូវគឺខុសរហូត ហើយកម្ពុជាមានវប្បធម៌ និងអរិយធម៌មិនអាចមកប្រមាថបាននោះទេ។
លើសពីនេះលោក ជា ច័ន្ទបរិបូរណ៌បានចាត់ទុកថា ការគាំទ្ររបស់ Amnesty International ចំពោះលើអ្នកលក់ដូរស៊ិចស៊ីតាមអនឡាយនេះ គឺជាការខុសទាំងស្រុងនិងគួរឲ្យខ្មាស់អៀនដែលអង្គារមួយនេះហ៊ាននិយាយទៅរួច វាផ្ទុយទៅនិងធាតុពិតពីកម្ពុជាដែលមានប្រពៃណីនិងអរិយធម៌យ៉ាងពិតប្រាកដ ខុសពីពួកបរទេសដែលគ្មានកេរ្តិ៍ខ្មាស់ទាល់តែសោះលើបញ្ហាវប្បធម៌។
កន្លទៅថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែនបានព្រមាន នឹងចាត់វិធានការចំពោះ អ្នកដែលផ្សព្វផ្សាយលក់ផលិតផលតាមអនឡាញមួយចំនួន ដែលមានការស្លៀកពាក់ស៊ិចស៊ីជ្រុលនិយម ហើយធ្វើការផ្សព្វផ្សាយ(Live)លក់ផលិតផលរបស់ខ្លួនលើបណ្តាញសង្គមផ្សេងៗ ដែលជាការប៉ះពាល់ដល់តម្លៃ សីលធម៌ និងកិត្តិយសស្ត្រីខ្មែរ។
សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាឲ្យក្រសួងមហាផ្ទៃធ្វើការងារក្នុងបទល្មើសបច្ចេកវិទ្យាដើម្បីពិនិត្យមើល និងចាត់វិធានការរាល់វីដេអូអាសអាភាសរបស់ស្ត្រីខ្មែរមួយចំនួន ដែលបានថត និងបែកធ្លាយដោយខ្លួនឯងមានតាមវេបសាយមួយចំនួន ព្រោះនេះពិតជាមានការប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយស និងសីលធម៌របស់ស្ត្រីខ្មែរ ហើយកម្ពុជាក៏គ្មានច្បាប់ឲ្យធ្វើបែបនេះដែរ។