ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ឧកញ៉ា លី ហួរ នឹង​​​យកកង្វល់និងបញ្ហាប្រឈមរបស់វិស័យឯកជនជូននាយករដ្ឋមន្រ្តីដោះស្រាយ

លោក ឧកញ៉ា លី ហួរ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងសម្រាប់ផ្នែកឯកជននៃក្រុមការងារទី១៣ “ផ្នែកសំណង់ និងអចលនទ្រព្យ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី២ នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជាកាលពីថ្ងៃទី២០ ខែកុម្ភៈនេះ ដោយ​លោកបានត្រៀមយកកង្វល់និងបញ្ហាប្រឈមរបស់វិស័យឯកជនជូននាយករដ្ឋមន្រ្តីដោះស្រាយ។
ថ្លែងនៅក្នុងកិច្ចប្រជុំនាអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា លោក ឧកញ៉ា លី ហួរ សហប្រធានក្រុមការងារតំណាងវិស័យឯកជន និងជាប្រធានសមាគមអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាបានមានប្រសាសន៍បញ្ជាក់ថា «គោលបំណងនៃកិច្ចប្រជុំគឺ ដើម្បី​បង្ហាញពីលទ្ធផល និងបញ្ហាដែលបានដោះស្រាយជាមួយសហប្រធានជាដៃគូរារដ្ឋាភិបាលនាពេលកន្លងទៅ ដែលជាកង្វល់ បញ្ហាប្រឈមរបស់សមាជិកសមាជិកានៃក្រុមការងារ និងជាពិសេស កិច្ចប្រជុំលើកទី២នេះ ដើម្បីស្វែងរកធាតុចូលក៏ដូច​ជាបញ្ហាប្រឈមថ្មីៗជាកង្វល់ចាំបាច់ត្រូវតែរកដំណោះស្រាយជូនដល់សមាជិកសមាជិកាក្នុងវិស័យនេះ»។


លោកឧកញ៉ាបញ្ជាក់ថា លោកនឹងយកបញ្ហាធ្វើការពិភាក្សា ពន្យល់ ស្រាយបំភ្លឺបញ្ជាក់ រកដំណោះស្រយរួមគ្នាជាមួយដៃគូរាជរដ្ឋាភិបាល ដែលមានក្រសួងរៀបចំដែនដី នគរូបនិយកម្ម និងសំណង់ នាពេលខាងមុខ និងត្រៀមយកបញ្ហាដែលដោះស្រាយមិនរួចរាល់ក្នុងកំរិតនយោបាយ និងកំរឹតក្រសួងពាក់ពន្ធដាក់ក្នុងវេទិការាជរដ្ឋាភិបាល។
លើសពីនេះ សម្រាប់ផ្នែកឯកជនគ្រោងនឹងដាក់ចូលបញ្ហាធំៗ ក្នុងវេទិការលើកទី១៩ ដែលមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដឹកនាំដ៏ខ្ពង់ខ្ពស់ ដើម្បីផ្តល់អនុសាសន៍ ដោះស្រាយជូនដល់វិស័យឯកជន។


កិច្ចប្រជុំផ្ទៃក្នុងដែលធ្វើឡើងនៅសភាពាណិជ្ជកម្មកាលពីថ្ងៃម្សិលមិញនេះ មានការចូលរួមពីសមាជិកសមាជិការបស់ក្រុមការ​ងារនេះមានប្រធាន ឬតំណាងមកពីបុរីលំនៅដ្ឋាន និងក្រុមហ៊ុនអចលនទ្រព្យជាច្រើន ក្រុមហ៊ុនផ្គត់ផ្គង់និងចែកចាយសំភា​​រៈសំណង់កំពុងធ្វើអាជីវកម្ម និងកំពុងធ្វើការវិនិយោគពាក់ព័ន្ធលើវិស័យនេះសំខាន់ៗជាច្រើនទៀត។