ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា-ថៃដាក់ឱ្យប្រើប្រាស់ផ្លូវការហើយ​​​ជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៨ តភ្ជាប់ពីខេត្តបន្ទាយមានជ័យទៅខេត្តឧត្តរមានជ័យថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដែលផ្លូវនេះ ជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិនចំណោយថវិកាសាងសង់ប្រមាណ ១២២.៩៨ លានដុល្លារអាមេរិក។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៨ ដែលជាផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា និងថៃ មានប្រវែងជាង ១៧៤គីឡូម៉ែត្រ តភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យទៅដល់ក្រុងសំរោងខេត្តឧត្តរមាន​ជ័យ។


លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ផ្លូវនេះបានចំណោយថវិកាសាងសង់ប្រមាណ ១២២.៩៨ លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយបញ្ហាផលប៉ះពាល់នានា ការបោសសម្អាតគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករជាដើម។

ផ្លូវជាតិមួយខ្សែដ៏វែងនេះ ត្រូវបានសាងសង់ស្របទៅតាមស្តង់ដារផ្លូវថ្នល់កម្រិត៣ នៃបទដ្ឋានបច្ចេកទេសរបស់សាធារណរដ្ឋប្រជាមានិតចិន ដែលមានទទឹងតួផ្លូវសរុប ១២ម៉ែត្រ ក្រាលកៅស៊ូពីរស្រទាប់ (DBST) និងមានទទឹង ១០ម៉ែត្រ។

ផ្លូវមួយខ្សែនេះក៏ត្រូវបានសាងសង់ស្ពានតភ្ជាប់ចំនួន ៤៧កន្លែង ប្រវែងសរុប ១,៥៧៤ម៉ែត្រហើយសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃគ្រុប និងត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវ វ៉ានអាន ដោយប្រើ​រយៈពេលសាងសង់ចំនួន ៤៣ខែ គិតចាប់ពីខែមិថុនា ឆ្នាំ២០១៥ ដល់ខែមករា ឆ្នាំ២០១៩។

សម្តេចតេជោ ហ៊ុន សែន មានសេចក្តីសោមនស្សរីករាយ ដែលបានមកកាន់ទីនេះ ដើម្បីសម្ពោធបើកឲ្យប្រើប្រាស់ផ្លូវជាតិ​លេខ​៥៨ នេះ ដោយសម្តេចបានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យទាំងអស់ដែលកន្លងមកតែង​តែគោរពស្រលាញ់សម្តេច និងតែងតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់។

សម្តេចតេជោមានប្រសាសន៍ថា ក្រោយពីការដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះហើយ ក្នុងការអភិវឌ្ឍប្រទេសជាតិ គឺសម្តេចតេជោបានដាក់ចេញនូវគោលដៅពីរសំខាន់ ដែលគោលដៅទី១)គឺការប្រែក្លាយតំបន់សមរភូមិក្តៅទាំងអស់អោយក្លាយទៅជាតំន់ដែលមានសុខសន្តិភាព និងការអភិវឌ្ឍ និងគោលដៅទី២)គឺការប្រែក្លាយតំបន់ព្រំដែនទាំងអស់អោយទៅជាព្រំដែនដែលមានសុខសន្តិភាព តំបន់ទីផ្សារ និងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង។

សម្តេចតេជោ ថ្លែងទៀតថា ចំពោះនយោបាយ ឈ្នះ ឈ្នះ ដែលសម្តេចបានដាក់ចេញកាលពីចុងឆ្នាំ២៩៩៨ ហើយផ្តើមចេញ​ពី​គោលនយោបាយ ឈ្នះ ឈ្នះ នេះហើយ ដែលបានពន្លត់ភ្លើងសង្គ្រាមនៅកម្ពុជា ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ឆ្នាំនេះគឺជាខួបទី១០ នៃភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន បន្ទាប់ពីសម្តេចតេជោបានចុះហត្ថលេខាជាមួយមិត្តចិនកាលពីឆ្នាំ២០១០។

សម្តេចតេជោបានប្រកាសនៅថ្ងៃនេះថា នៅថ្ងៃទី០៩ កុម្ភៈខាងមុខនេះ គឺសម្តេចតេជោនឹងអញ្ជើញទៅសម្ពោធផ្លូវជាតិ​លេខ​៥៥ និងបើកការដ្ឋានផ្លូវជាតិលេខ១០ ដែលតភ្ជាប់ពីតំបន់សំឡូតទៅខេត្តកោះកុង ដែលជាជំនួយមិត្តចិនជាបន្តទៀត។

សម្តេចតេជោបន្តទៀតថា មកដល់បច្ចុប្បន្ន គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ប្រើប្រាស់ហិរញ្ញប្បទាន និងជំនួយឥតសំណង របស់មិត្តចិន បានសាងសង់រួចរាល់មានចំនួន ២៧ ខ្សែ មានប្រវែងសរុប ២,៧៧៩ គីឡូម៉ែត្រ ,គម្រោងកំពុងសាងសង់មានចំនួន0៥ ខ្សែ មានប្រវែង ប្រមាណ ៤៩៧,២០ គីឡូម៉ែត្រ។

ចំណែកស្ពានធំៗ ដែលបានសាងសង់រួចមានចំនួន ០៨ ស្ពាន មានប្រវែងសរុប ៧,៤៣៤ ម៉ែត្រ និងស្ពានកំពុងសាងសង់ ដូច​ជា ស្ពានមិត្តភាពកម្ពុជា-ចិន ក្នុងខេត្តកំពងចាម ស្ទឹងត្រង់-ក្រូចឆ្មារ និងស្ពានឆ្លងកាត់ទន្លេបាសាក់ (សិត្បូ)នៃគម្រោងខ្សែក្រវាត់ក្រុងទី៣ ជាដើម។

សម្តេចតេជោ មានប្រសាសន៍ថា ផ្លូវជាតិលេខ៥៨ នេះ ដើរតួនាទីយ៉ាងសំខាន់ និងជាផ្លូវយុទ្ធសាស្រ្តមួយ សម្រាប់បម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចផង ការពារអធិបតេយ្យភាពជាតិផង និងជួយទ្រទ្រង់យ៉ាងរឹងមាំនូវកិច្ចសហប្រតិបត្តិការល្អរវាងប្រទេស​កម្ពុជា និងប្រទេសថៃ ពីព្រោះផ្លូវនេះបានតភ្ជាប់ពីខេត្តបន្ទាយមានជ័យ ទៅនឹងខេត្តឧត្តរមានជ័យ ស្របតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឆ្លងកាត់ទីក្រុងប៉ោយប៉ែត ដែលជាទីក្រុងដ៏មានសក្តានុពល និងជាច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូងដ៏សំខាន់។

ផ្លូវជាតិនេះ អាចសម្រួលដល់ការផ្លាស់ប្តូរផលិតផល សកម្មភាពពាណិជ្ជកម្ម និងសុខាភិបាល រវាងប្រជាពលរដ្ឋថៃ និងកម្ពុជា ហើយក៏អាចសម្រួលដល់វិស័យទេសចរណ៍ពីប្រទេសថៃមកទស្សនាប្រាសាទអង្គរវត្តនៅខេត្តសៀមរាប ផងដែរ។