លោកស្រី ស្តេឡា គីរីយ៉ាគិត (Stella Kyriakides) ប្រេសិតទទួលបន្ទុកផ្នែកសុខភាពរបស់សហភាពអឺរ៉ុប បានអំពាវនាវនៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈនេះ ដល់បណ្តាប្រទេសជាសមាជិកអឺរ៉ុបទាំងអស់ ត្រៀមខ្លួនទប់ទល់ជាមួយនឹងការឆ្លងរាលដាលកាន់តែខ្លាំងនៃវីរុសខូវីដ-១៩នៅពេលខាងមុខ ដែលនេះបើតាមការចុះផ្សាយរបស់ NHK World-Japan ។
ការអំពាវនាវរបស់លោកស្រី ស្តេឡា គីរីយ៉ាគិត ត្រូវបានធ្វើឡើងខណៈដែលប្រទេសអ៊ីតាលី ដែលជាប្រទេសសមាជិកនៃសហភាពអឺរ៉ុប មានមនុស្សចំនួន១២នាក់បានបាត់បង់ជីវិត និងមនុស្សចំនួន៣៧៤នាក់ បានឆ្លងវីរុសខូវីដ-១៩ ដែលជាចំនួនច្រើនជាងគេនៅអឺរ៉ុប ។
សូមបញ្ជាក់ជូនថា គិតត្រឹមថ្ងៃព្រហស្បតិ៍នេះដែរ ចំនួនមនុស្សស្លាប់ដោយវីរុសខូវីដ-១៩នៅជុំវិញពិភពលោក បានកើនឡើងដល់ចំនួន ២៨០១នាក់ មនុស្សឆ្លងបានកើនឡើងដល់ចំនួន៨២០២៧នាក់ និងមនុស្សដែលបានជាសះស្បើយពីវីរុសនេះបានកើនឡើងដល់ចំនួន៣២៧៥៦នាក់ ៕