ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោ«សន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបានធ្វើឲ្យព្រះពុទ្ធសាសនារីកចម្រើនដល់សព្វថ្ងៃនេះ»

សម្តេច​អគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះបានអញ្ជើញស្រោចស្រពព្រះសុគន្ធវារី ប្រគេនសម្តេចព្រះនាយករង៣ព្រះអង្គ ដែលព្រះមហាក្សត្រទើបត្រាស់បង្គាប់តែងតាំងថ្មី ហើយពិធីស្រោចស្រពព្រះសុគន្ធវារី ត្រូវបានប្រារព្ធធ្វើឡើងនៅវត្តមុនីសុវណ្ណហៅវត្តចំពុះក្អែក។
សម្តេចព្រះសង្ឃនាយករងទាំង៣ព្រះអង្គ ដែលបានទទួលស្រោចស្រពព្រះសុគន្ធវារីនៅថ្ងៃគឺសម្តេចព្រះពោធិវ័ង្ស អំ លីមហេង សម្តេចព្រះសង្ឃនាយករង ទី១ សម្តេចព្រះវ័នរ័ត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ និងសម្តេចព្រះឧត្តមវង្សា មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី៣។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានមោទនភាពចំពោះសមិទ្ធផលផ្នែកព្រះពុទ្ធសាសនាដែលមានការរីកចម្រើនរហូតមក​ដល់​នាពេលនេះ និងសូមអរព្រះគុណចំពោះព្រះអង្គទាំង២ គណៈដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។
សម្តេចតេជោបានបង្ហាញនូវក្តីមោទនភាពចំពោះប្រទេសកម្ពុជាយើងដែលមិនកើនមាននូវជម្លោះសាសនាឡើយ ដែលខុស​ពី​បណ្តាប្រទេសនានាមួយចំនួនដែលតែងតែកើតមាននូវជម្លោះសាសនា។
សម្តេចតេជោថ្លែងថា« សន្តិភាព ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ប្រទេសមានសន្តិភាព ទើបធ្វើអោយពុទ្ធសាសនារីកចម្រើនមកដល់ពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានផ្តល់នូវការកត់សំគាល់មួយចំនួននៃរួមចំណែកក្នុងវិស័យពុទ្ធចក្រ»។
តាមរយៈក្របខណ្ឌនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺបានធានានូវសុខសន្តិភាព ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ ដែលធ្វើអោយវិស័យទាំងពីររីកចម្រើនទន្ទឹមគ្នា។
ប្រជាពលកម្ពុជាមានសិទ្ធិសេរីភាពពេញលេញក្នុងការជ្រើសរើសជំនឿសាសនារបស់របស់ខ្លួនទៅតាមការជឿជាក់ទៅលើសាស​នានោះ ដោយគ្មានការបង្ខិតបង្ខំ។
ដោយសារតែជីវភាពរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរ ទើបធ្វើអោយពួកគាត់មានឱកាសក្នុងការធ្វើបុណ្យ ធ្វើទានគ្រប់ទីកន្លែង នឹងធ្វើអោយព្រះពុទ្ធសាសនានេះកាន់តែរីកចម្រើនទៅមុខ។
នៅពេលដែលវិស័យអាណាចក្រមានការរីកចម្រើនហើយនោះ វិស័យពុទ្ធចក្រមានក៏មានការរីកចម្រើនទៅតាមហ្នឹងដែរ។សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍រំលឹកផងដែរពីវិស័យព្រះពុទ្ធសាសនាដែលពីអតីតកាលបានទទួលរងនូវភាពខ្ទេចខ្ទាំដោយសារសង្គ្រាម ជាពិសេសក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ដែលពេលនោះទីអារាមជាច្រើនត្រូវបានបំផ្លាញ​ចោល​ស្ទើរគ្រប់ទីកន្លែង។
ប៉ុន្តែក្រោយឆ្នាំ១៩៧៩ វិស័យសាសនានេះ ត្រូវបានស្តារ និងងើបឡើងវិញបន្តិចម្តងៗរហូតមានការរីកចម្រើនដូចសព្វថ្ងៃនេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ និងកោតសរសើរដល់ព្រះសង្ឃទាំង៣ អង្គដែលត្រូវបានខិតខំប្រឹងប្រែងរបស់ព្រះអង្គក្នុងសកម្មភាពព្រះពុទ្ធសាសនាកន្លងមក។
សម្តេចតេជោ ហ៊ុន សែន បានប្រគេននិងជូនអំណោយជាថវិកាមួយចំនួនដល់ ព្រះសង្ឃ និងយាយជី តាជីដែលបាននិមន្តនឹង​ចូលរួមក្នុងពិធីនេះផងដែរ។ នៅក្នុងឱកាសនោះដែរ សម្តេចតេជោ បានព្រគេនពរ និងជូនពរដល់ព្រះសង្ឃ យាយជីតាជី និងប្រជាពលរដ្ឋទាំងអស់សូមជួបតែសេចក្តីសុខសេចក្តីចម្រើន ។