ក្នុងសកម្មភាពសប្បុរសធម៌ ជួយសង្រ្គោះជីវិតកុមារកម្ពុជា កាលពីព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ ស្ថាបនិកCEO Master Club នៃ វិទ្យាស្ថានស៊ីអ៊ីអូ តំណាងស្ថាន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងនិងតំណាងលោក គ្រូ ឃឹម សុខហេង បាននាំយកមូលនិធិ ៣៨,០៤៧,៥០០ រៀល បរិច្ចាគជូនដល់មូលនិធីមន្ទីរពេទ្យគន្ធបុប្ជាកម្ពុជា ដែលទទួលផ្ទាល់ដោយ លោក នង ពិសិដ្ឋ អនុប្រធានលេខាធិការដ្ឋាន មូលនិធិគន្ធបុប្ផាកម្ពុជា។
លោក ជា លីសែ តំណាងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង បានថ្លែងថា មូលនិធិជាង ៣៨ លានរៀននេះ បានកើតពីការរួមរវាងមូលនិធិពីសិក្ខាសាលាសប្បុរសធម៌ប្រចាំ២០២០ នៅប្រទេសកូរ៉េខាងត្បូង និងពីសមាជិកគ្រួសារ CEO Master Club។
លោកបន្តទៀត ក្នុងឆ្នាំ២០២០ នេះជាលើកទីមួយដែលស្ថានទូតកម្ពុជាជាមួយ CEO Master Club និង LSI បានសហការគ្នារៀបចំសិក្ខាសាលាសប្បុរសធម៌នៅប្រទេសកូរ៉េខាងត្បូង ដើម្បីកៀរគរប្រមូលថវិកាសម្រាប់មូលនិធិជួយដល់មន្ទីរពេទ្យគន្ធបុប្ជា ហើយបើតាមផែនការខាងស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងគ្រោងចង់ធ្វើឱ្យបានចំនួន២ដងក្នុងមួយឆ្នាំ។
លោក អោម សេងបូរ៉ា ស្ថាបនិក CEO Master Club បានមានប្រសាសន៍ថា៖ “កន្លងមក CEO Master Club ក៏បានចូលរួមបរិច្ចាគមូលនិធិជាបន្តបន្ទាប់ផងដែរតាំងពី លោកវេជ្ជបណ្ឌិត Beat Richner នៅមានជីវិត។យើងយល់ឃើញថា មន្ទីរគន្ធបុប្ជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់ការស្រោចស្រង់ជីវិតកុមារកម្ពុជាយើង អញ្ចឹងខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋរបស់យើង ចូលរួមជាមូលនិធិ ហើយនេះជាចលនាមួយរបស់អ្នកក្នុងស្រុករបស់យើងដែលចូលរួមចំណែកថវិកាដើម្បីជួយទ្រទ្រង់ដំណើរការមន្ទីរពេទ្យឱ្យមាននិរន្តភាព”។
លោកបន្ថែមថា៖ “កន្លងមកយើងបានពឹងផ្អែកមូលនិធីពីខាងក្រៅប្រទេស(ស្វីស)ប៉ុន្តែយើងត្រូវការធ្វើឱ្យមន្ទីរពេទ្យនេះមាននិរន្តភាព គឺត្រូវការការចូលរួមពីអ្នកក្នុងស្រុក ដោយសារតែអ្នកស្រុកជាអ្នកប្រើសេវាហើយក៏ជាអ្នកជួយជ្រោមជ្រែងសំខាន់ផងដែរ ហើយខ្ញុំជឿជាក់ថាយើងអាចធ្វើបាននៅពេលដែលយើងបានរួមគ្នាជាមូលនិធិបន្តិចៗម្នាក់”។
សម្រាប់លោក នង ពិសិដ្ឋ បានមានប្រសាសន៍ ថ្លែងអំណរគុណដល់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង និង CEO Master Club ព្រមទាំងក្រុមការងារទាំងអស់ដែលបានចំណាយថវិកា និងពេលវេលាដ៏មានតម្លៃ ចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីធានាដល់និរន្តរភាពនៃប្រតិបត្តិការ របស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការបំពេញបេសកកម្មពិនិត្យ ពិគ្រោះ និងព្យាបាលប្រកបដោយគុណភាព និងឥតគិតថ្លៃដល់កុមារ។
ចំពោះអ្នកចូលរួមគឺសុទ្ធតែជាសមាជិកគ្រួសារCEO Master Club និងជាអគ្គរាជទូតសុច្ជន្ទៈប៉ុណ្ណោះ។ លើសពីនេះ គិតមកត្រឹមខែកុម្ភៈឆ្នាំ២០២០នេះ CEO Master Club មានវត្តមានក្នុងវិស័យបណ្ដុះបណ្ដាលជាង10ឆ្នាំមកហើយ ដែលបានជួយសហគ្រិនរាប់ម៉ឺននាក់ និងមានសមាជិកម្ចាស់អាជីវកម្មពេញមួយជីវិត ចំនួនជាង ១,១៧៦នាក់ ដែលគ្រប់គ្រងអាជីវកម្មប្រមាណជាង ២,០០០ក្រុមហ៊ុនដែលបង្កើតប្រតិបត្តិការអាជីវកម្មជាទឹកប្រាក់ប្រមាណជាង ១,០០០លានដុល្លារ/ឆ្នាំ និងបានជួយបង្កើតការងារជូនប្រជាពលរដ្ឋបានប្រមាណ ១០ម៉ឺននាក់៕
អត្ថបទ៖ ប៊ី សារី