លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា(FASMEC)បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ លោកឧកញ៉ា លី សេង ឃាង ប្រធានក្រុមហ៊ុន BS Land and Home Co., Ltd ដើម្បីចូលរួមសកម្មភាពជម្រុញវិស័យឯកជន សហគ្រាសធនតូច និងមធ្យម និងសិប្បកម្មកម្ពុជា ដែលបានធ្វើឡើងនៅថ្ងៃទី៤ ខែមីនានេះ។
លោក ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEC)បានថ្លែងថា សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមថ្ងៃនេះ ទទួលនូវមហាកិត្តិយស ដែលយើងបានដៃគូរថ្មីៗបន្ថែមទៀត ដោយបានសហការចាប់ដៃជាមួយ FASMEC ។យើងដឹងហើយថា ដោយសារតែសមត្ថភាពរបស់ពួកគាត់ភាគច្រើននៅមានកម្រិត ដូនច្នេះដំណើការចង្វាក់ផលិតកម្មរបស់គាត់ក៏នៅមានកម្រិតដែរ ដូចជាការប្រើប្រាស់ហិរញ្ញវត្ថុ ការរៀបចំរបាយការណ៍ គណនេយ្យប្រកាសពន្ធការរៀបចំខ្សែរសង្វាក់ផលិតកម្មការ គ្រប់គ្រងថ្លៃដើម រួមទាំងអភិបាលកិច្ចក្រុមហ៊ុនជាជាចំណុចដែល FASMEC ត្រូវគិតគូររកដំណោះស្រាយជូនពួកគាត់។
លោកឧកញ៉ាថ្លែងទៀតថា«យើងដឹងហើយថា សហគ្រាសធុនតូចនិងមធ្យមមានឥទ្ធិពលជាខ្លាំងក្នុងការជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជាបានបង្កើតការងារជាច្រើនកន្លែង សម្រាប់ប្រជាជនខ្មែរបានទិញផលិតផលកសិកម្មជាច្រើនមកកែច្នៃហើយថែមទាំងនាំចេញទៅទីផ្សារអន្តរជាតិមួយចំនួនផងដែរ។ បើគ្មានវត្តមានសហគ្រាសធុនតូច និងមធ្យមនោះទេសេដ្ឋកិច្ចកម្ពុជាយើងនឹងខាតច្រើនណាស់ ព្រោះSMEs បានរួមចំណែករហូតទៅដល់៤០ ភាគរយនៃសេដ្ឋកិច្ច»។
លោកឧកញ៉ាបន្ថែមថា«ខ្ញុំសង្ឃឹមយ៉ាងមុតម៉ាំថា ការចុះហត្ថលេខាលើអនុស្សរណៈពេលនេះ នឹងបានរួមចំណែកយ៉ាងច្រើនដល់សមាជិកសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមទាំងនៅក្នុងរាជធានីភ្នំពេញទាំងនៅតាមបណ្តាខេត្ត។ហើយខ្ញុំក៏ជឿជាក់ដែរ ថាក្រុមហ៊ុន BS Land and Home នឹងទទួលបាននូវការគាំទ្រពីសំណាក់សហគ្រាសធុនតូច និងមធ្យមទាំងនោះផងដែរ»។
ក្រុមហ៊ុន BS Land and Home ចូលរួមចាប់ដៃជាមួយ FASMEC គឺជាការរួមចំណែកដ៏ធំមួយក្នុងការជួយជម្រុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ដែលក្រុមហ៊ុននឹងជួយរួមចំណែកផ្នែកហិរញ្ញវត្ថុ ដើម្បីបង្កើតជាសិក្ខាសាលា វគ្គបណ្តុះបណ្តាលផ្សេងៗទូទាំង២៥រាជធានីខេត្ត ដើម្បីអភិវឌ្ឍន៍សមត្ថភាពរបស់សហគ្រាសធុនតូច និងមធ្យមនឹងសិប្បកម្ម។
បច្ចុប្បន្ននេះសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមមានដៃគូច្រើនក្នុងការជួយជម្រុញសហគ្រាសធុនតូចនិងមធ្យមនិងសិប្បកម្មកម្ពុជា។ ប៉ុន្តែសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាមានរហូតទៅដល់ ៥៣ម៉ឺនសហគ្រាសឯណោះ ដែលកំពុងតែប្រឈមនឹងបញ្ហាជាច្រើនក្នុងដំណើការអាជីវកម្មរបស់ពួកគាត់។