ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ធនាគារព្រីនស៍ ចាប់ដៃនិងសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា

ប្រធានសម្ព័ន្ធ​​សមាគម​​​​​សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា លោក ​​​ឧកញ៉ា តែ តាំងប៉ និងស្ថាប័នហិរញ្ញវត្ថុ ធនាគារព្រីនស៍ បានចាប់ដៃគ្នា ដើម្បីជាកំលាំងចលករមួយដ៏សំខាន់ ​​ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដែល​​​ស្ថាប័នទាំងពីរត្រូវមានទំនាក់ទំ​នង​​ជាមួយគ្នាដោយខ្វះពុំបាន ហើយកិច្ចសហប្រតិបត្តិការនេះធ្វើនៅថ្ងៃទី៤ ខែមីនាឆ្នាំ២០២០។

លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជាបានមានប្រសាសន៍ថា ថ្ងៃនេះភាគីទាំងពីរបានព្រមព្រៀងគ្នាចុះអនុស្សរណៈនេះក្នុងគោលបំណងសំខាន់ៗ ដើម្បីសហការគ្នាក្នុងការបង្កើតគំរោងនានា ក្នុងការ​​ស្នើរសុំការគាំទ្រហិរញ្ញា​ត្ថុ និងហិរញ្ញប្រទានពីដៃគូអភិវឌ្ឍន៍អង្គការអន្តរជាតិ និងស្ថាប័នពាក់ព័ន្ធនានាមានដូចជា  WB, ADB, IFC, GIZជាដើម ​​ក្នុងការអភិវឌ្ឍន៍អាជីវកម្មរបស់សមាជិកសម័្ពន្ធសមាគមសហគ្រាសធុនតូច ​​និងមធ្យមកម្ពុជា។

លោកឧកញ៉ាបញ្ជាក់ថា ធនាគារព្រីនស៍នឹងដើរតួនាទីជាអ្នកគ្រប់គ្រងនិងចាត់ចែងការគាំទ្រហិរញ្ញវត្ថុ និងហិរញ្ញប្រទានដែលទទួលបានពីការស្នើសុំទាំងនោះ។ យើងត្រូវ​​សហការគ្នាក្នុងការបង្កើតគំរោងនានា ​​ដើម្បីជួយគាំទ្រដល់ការរីកចំរើនដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាតាមលទ្ធភាពដែលអាចធ្វើទៅបាន។​​

លើសពីនេះភាគីទាំងពីរនឹងសហការគ្នាក្នុងការបើកវគ្គបណ្តុះបណ្តាលមួយចំនួនដល់សមាជិកសម័្ពន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជាដើម្បីពង្រឹងការយល់ដឹងពីការស្នើសុំនិងការប្រើប្រាស់ហិរញ្ញប្បទាននៅក្នុងអាជីវកម្មអោយមានប្រ​​​សិទ្ធភាពខ្ពស់។​​

សម្រាប់លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិធនាគារព្រីនស៍ បានមានប្រសាសន៍ថា «ធនាគារព្រីនស៍ នឹង​​​សហការ​ជាមួយ​និង​​សម័្ពន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា ដើម្បីរៀបចំចាត់ចែងវគ្គបណ្តុះបណ្តាល​ស​មាជិកនិងអាចផ្សព្វផ្សាយព័ត៌មាន និងពាណិជ្ជកម្មនានារាប់បញ្ចូលទាំងការបញ្ជ្រាបចំណេះដឹងអំពីសេវាផ្សេងៗរបស់ធនា​គារ​ព្រីនស៍ នៅ​​​ក្នុងអំឡុងវគ្គបណ្តុះបណ្តាលដល់ FACMEC »។

សម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា នឹងជម្រុញលើកទឹកចិត្តដល់សមាជិកទាំងអស់ឲ្យប្រើប្រាស់ចំណេះដឹងទាំងនោះនិងសេវាផ្សេងៗរបស់ធនាគារព្រីនស៍ក្នុងអាជីវកម្មរបស់ពួកគេហើយតាមដាន និងចែករំលែកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍ SMEBank ក្រោមការដឹកនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងក្រសួងស្ថាប័នពាក់ព័ន្ធនានា។