(ភ្នំពេញ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ នេះបានបញ្ជូនខ្លួនមន្ត្រីយោធាម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធបទល្មើសរំលោភសេពសន្ថវៈ។
បើតាមព័ត៌មានដែល ដេលីខ្មែរ ទទួលបានពីមន្ត្រីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឆេង ប៊ុណ្ណា ហៅ ឆេង ប៊ុន ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ មន្ត្រីយោធា មានស្រុកកំណើតនៅភូមិតាជ័យ ឃុំជ្រ័យលាស់ ស្រុកពញាឮ ខេត្តកណ្តាល បច្ចុប្បន្នរស់នៅផ្ទះលេខ៧៨E0 ផ្លូវ៥៣ ក្រុម៥ ភូមិ១ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ច ឃាត់ខ្លួនកាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ ពាក់ព័ន្ធបទល្មើស រំលោភសេពសន្ថវៈ។ សូមរំលឹកថា ជនសង្ស័យឈ្មោះ ឆេង ប៊ុណ្ណា ហៅ ឆេង ប៊ុន ត្រូវគេរាយការណ៍ថា មានខ្នងបង្អែកជាអ្នកមានអំណាច ដូច្នេះ ជនសង្ស័យរូបនេះ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដោយមិនចាំបាច់ដាក់ខ្នោះដៃ និងអនុញ្ញាតិឲ្យពាក់កាតភ្ញៀវចូលតុលាការ ជំនួសឲ្យការបណ្តើរទាំងដៃជាប់ខ្នោះចូលតុលាការដូចជនសង្ស័យផ្សេងៗនោះទេ។
ទោះយ៉ាងណាព័ត៌មានពីសមត្ថកិច្ច ជនសង្ស័យឈ្មោះ ឆេង ប៊ុណ្ណា ហៅ ឆេង ប៊ុន កំពុងស្ថិតក្រោមចំណាត់ការរបស់ លោកព្រះរាជអាជ្ញារង សំម ឬទ្ធីវាសនា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ព័ត៌មានក្រៅផ្លូវការ បានបង្ហើបថា ករណីនេះក៏កំពុងមានក្រុមអ្នករត់ការឲ្យមានការដោះលែង ជនសង្ស័យឈ្មោះ ឆេង ប៊ុណ្ណា ហៅ ឆេង ប៊ុន ឲ្យមានសេរីភាពវិញផងដែរ។
សារព័ត៌មាន ដេលីខ្មែរ នៅថ្ងៃទី៤ខែមីនានេះ មិនអាចសុំការពន្យល់ពី លោកព្រះរាជអាជ្ញារង សំម ឬទ្ធីវាសនា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ទាក់ទងករណីខាងលើនេះ ។
ប៉ុន្តែមតិមហាជនកំពុងរងចាំមើលថា តើជនសង្ស័យឈ្មោះ ឆេង ប៊ុណ្ណា ហៅ ឆេង ប៊ុន អាចនឹងត្រូវតុលាការចាត់ការតាមច្បាប់ ឬត្រូវដោះលែងតាមព័ត៌មានចចាមអារ៉ាម ដែលអះអាងថា មានអ្នករត់ការជួយ ដោយរំលងនិងច្បាប់ឬយ៉ាងណា?។