ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្ដេចក្រឡាហោម ស ខេងអនុញ្ញាតឱ្យប្រតិភូសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC)សម្ដែងការគួរសម

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០នេះ បានអនុញ្ញាតឱ្យប្រតិភូសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) ដឹកនាំដោយលោក សោម អូន ចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួងមហាផ្ទៃ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានថ្លែងកោតសរសើរ និងវាយរម្លៃខ្ពស់ ចំពោះលទ្ធផលការងាររបស់សភាសម្ព័ន្ធសហជីពជាតិកម្ពុជា នាពេលកន្លងមក ដែលបានរួមគ្នាបំពេញភារកិច្ចការពារសិទ្ធិសេរីភាពស្របច្បាប់របស់កម្មករកម្មការិនី ទាំងនៅក្នុងវិស័យរោងចក្រកាត់ដេរសម្លៀកបំពាក់ការបូបស្បែកជើង ការងារក្រៅប្រព័ន្ធនានា និងវិស័យពាក់ព័ន្ធផ្សេងៗទៀត។
សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាន៍ថា រាជរដ្ឋាភិបាល ដែលបានដាក់ចេញដើម្បីឆ្លើយតបនឹងការដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធEBA និងការដោះស្រាយបញ្ហាប្រឈម ដែលបានកើតចេញពីការរីករាយដាលនៃជំងឺរលាកសួតប្រភេទថ្មី ឬCOVID19 ធ្វើឱ្យប៉ះពាល់ដល់ដំណើការផលិតកម្មរបស់រោងចក្រ ពិសេសនៅពេលដែលចិនបានផ្អាកការបញ្ជូនវត្ថុធាតុដើមចេញទៅក្រៅប្រទេសរាប់ទាំងកម្ពុជានាពេលកន្លងមក។
សម្រាប់ លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជាលើកឡើងថា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៩កន្លងទៅ ក្នុងនោះរួមមានការចូលរួមចរចាប្រាក់ឈ្នួលកម្មករប្រចាំឆ្នាំក្នុងយន្តការត្រីភាគីការចូលរួមក្នុងកិច្ចការសង្គមនានា និងការផ្សព្វផ្សាយណែនាំជូនកម្មករអំពីផលវិបាកនៃការចូលរួមសកមម្មភាពផ្ទុយនឹងច្បាប់ជាមួយសហជីពមាននិន្នការប្រឆាំង និងជាមួយអ្នកនយោបាយ ដែលយកកម្មករធ្វើជាឈ្នាន់។
ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជាបានស្នើសុំជួយផ្ដល់សម្ភារៈការិយាល័យមួយចំនួន រួមមានតុ និងកៅអីប្រជុំម៉ាស៊ីនLCD កុំព្យូទ័រ ម៉ាស៊ីនកូពីព្រមទាំងសំណើរមួយចំនួនទៀតដែលពាក់ព័ន្ធនឹងការគាំទ្រដល់ការប្រព្រឹត្តទៅរបស់សភាសម្ព័ន្ធសហជីពជាតិកម្ពុជា។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានឯកភាពផ្ដល់ជូននូវសម្ភារៈការិយល័យទៅតាមសំណើរ និងសម្រេចផ្ដល់ការគាំទ្រជាថវិកាប្រចាំខែព្រមទាំងទទួលពិនិត្យពិចារណានូវសំណើរមួយចំនួនដែលសភាសម្ព័ន្ធសហជីពជាតិកម្ពុជាបានស្នើឡើង៕