ក្រសួងការបរទេសរបស់ប្រទេសកូរ៉េខាងត្បូង បានចេញសេចក្តីប្រកាសមួយនៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនានេះ អំពីប្រទេស និងដែនដីចំនួន១២៣នៅជុំវិញពិភពលោក ដែលបានរឹតត្បិតការធ្វើដំណើរចូលពីប្រទេសនេះ ដោយសារបារម្ភពីការឆ្លងរាលដាលនៃវីរុសខូវីដ-១៩ ។ នេះបើតាមការចុះផ្សាយរបស់ ទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ (Yonhap News Agency ។
ការរឹតត្បិតការធ្វើដំណើរចូលពីកូរ៉េខាងត្បូងរបស់ប្រទេស និងដែនដីទាំង១២៣នេះ ត្រូវបានធ្វើឡើង ខណៈដែលចំនួនមនុស្សឆ្លងវីរុសផ្លូវដង្ហើមមួយនេះ បានកើនឡើងកាន់តែខ្ពស់ជាលំដាប់ រហូតដល់ចំនួនសរុបកើនឡើងដល់៧៨៦៩ករណីនៅទូទាំងប្រទេស និងចំនួនមនុស្សស្លាប់ដោយសារវីរុសមួយនេះក៏កើនឡើងដល់ចំនួន ៦៦នាក់ដែរ ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ចំនួមនុស្សឆ្លងវីរុស ខូវីដ ១៩ នៅជុំវិញពិភពលោក បានកើនឡើងដល់ចំនួន ១២៤១៩០នាក់ មនុស្សស្លាប់បានកើនឡើងដល់៤៦២៣នាក់ និងមនុស្សដែលជាសះស្បើយពីវីរុសផ្លូវដង្ហើមមួយនេះ បានកើនឡើងដល់៦៨០៨៧នាក់ ៕