ភ្នំពេញ៖ កម្ពុជា-អូស្ត្រាលី ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឲ្យកាន់តែប្រសើរបន្តទៅមុខទៀត នេះជាការលើកឡើងក្នុងជំនួបពិភាក្សាការងារជាមួយ លោកPablo Chiho Kang ឯកអគ្គរដ្ឋទូតថ្មីអូស្ត្រាលីប្រចាំកម្ពុជា និងលោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ នៅទីស្តីការក្រសួង។
លោកបណ្ឌិត អ៊ិត សំហេង បានស្វាគមន៍យ៉ាងកក់ក្តៅ និងសម្តែងការអបអរសាទរ ចំពោះឯកអគ្គរដ្ឋទូតថ្មីប្រទេសអូស្ត្រាលី ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ថ្នាក់ដឹកនាំកម្ពុជា ទាំងក្រសួងការងារ នឹងត្រៀមសហការជាមួយ ឯកអគ្គរដ្ឋទូតអូស្រ្តាលី ដើម្បីជួយសម្រួលដល់បេសកកម្មការទូត ប្រកបដោយជោគជ័យ ក្នុងន័យទំនាក់ទំនងជាមួយកម្ពុជា និងអូស្ត្រាលី កាន់តែមានលក្ខណៈស៊ីជម្រៅ និងប្រសើរថែមទៀត។
លោកបណ្ឌិត អ៊ិត សំហេង បានលើកឡើងពីវឌ្ឍនភាព និងសមិទ្ធិផលមួយចំនួន ដែលក្រសួង បានសហការយ៉ាងជិតស្និទ្ធជាមួយបណ្តា ដៃគូពាក់ព័ន្ធនានា ក្នុងការរួមចំណែកយ៉ាងសកម្ម លើការអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាពេលកន្លងមក សម្រេចបានជោគជ័យ ក្នុងការបង្កើតឱកាសការងារ និងធានាបាននូវសុខដុមនីយកម្មរវាងកម្មករនិយោជិត និងនិយោជក។
លោក រដ្ឋមន្ត្រី បានស្នើសុំឯកអគ្គរដ្ឋទូត ឲ្យជួយបណ្តុះបណ្តាលផ្នែកធនធានមនុស្សដល់មន្ត្រីរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានចំនួនកាន់តែច្រើនបន្ថែមទៀតផងដែរ។
ក្រោយបញ្ចប់ជំនួបនេះលោកងុយ រិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈបានឱ្យដឹងថា «ភាគីទាំងពីរបានរំលឹកឡើងវិញនូវអ្វីជាទំនាក់ទំនងល្អ និងអនុស្សាវយីរ៍រវាងកម្ពុជា និងអូស្ត្រាលី អ្វីដែលអូស្រ្តាលីបានជួយអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា នាពេលកន្លងមក។ ពាក់ព័ន្ធទៅនឹងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះដែរ ភាគីអូស្ត្រាលីចង់ស្វែងយល់បន្ថែម ទៅលើវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើយ៉ាងណាឱ្យអាណាព្យាបាល ព្រមទាំងយុវជនមានការយល់ដឹង ងាកមកចូលរៀនផ្នែកជំនាញវិជ្ជាជីវៈនៅកម្ពុជាកាន់តែច្រើន ដើម្បីឆ្លងតបទៅនឹងតម្រូវទីផ្សាររីកចម្រើននៃសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន។
អូស្ត្រាលី នឹងសន្យា ផ្តល់នូវ អាហារូបករណ៍ដល់សិស្សនិស្សិត មន្ត្រីរាជការ បានបន្តការសិក្សានៅប្រទេសអូស្ត្រាលី។ ទន្ទឹមនេះដែរ កម្ពុជា-អូស្ត្រាលី នឹងបង្កើនឱ្យមានកិច្ចសហប្រតិបត្តិការនៃការផ្លាស់ប្តូរ សិស្ស និស្សិត សាស្ត្រាចារ្យក្នុងផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យបានច្រើនថែមទៀត ដើម្បីសិក្សាស្វែងយល់ពីគ្នា និងជួយគ្នាទៅវិញទៅមក»។
លោកអនុរដ្ឋលេខាធិការ បន្តថា« អូស្ត្រាលីបានជួយកម្ពុជា លើក្រម សីលធ៌មទីភ្នាក់ងារជ្រើសរើសឯកជន ធ្វើយ៉ាងណាទប់ស្កាត់ការជួញ ដូរមនុស្ស ជាបញ្ហាធ្វើប៉ះពាល់សិទ្ធពលករ ។
បន្តកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀតទៅលើសុវត្ថិភាព សន្តិសុខការងារ កន្លងមកនេះអូស្ត្រាលីបានធ្វើការជាមួយក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ហើយចំពោះសុវត្ថិភាពអគារ យើងចង់ឲ្យអូស្ត្រាលីជួយជាបច្ចេកទេសនូវសុវត្ថិភាព និងសន្តិសុខការងារនៅកន្លែងធ្វើការផងដែរ ក្នុងការទប់ស្កាត់នូវបញ្ហាសុវត្ថិភាពការងារនេះដែរ។
លោកងុយ រិទ្ធិ បន្តថា «ចំពោះបញ្ហាផ្សេងៗទៀតនោះ អូស្ត្រាលីនឹងបន្តជួយគាំទ្រ និងកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជាបន្តទៀត ក្នុងករណីកម្ពុជាត្រូវការឱ្យអូស្ត្រាលីជួយ »៕