ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងទេសចរណ៍ចុះផ្សព្វផ្សាយកញ្ចប់ទស្សនកិច្ចក្នុងស្រុក អបអរបុណ្យទន្លេនៅខេត្តបាត់ដំបង

 

បាត់ដំបង៖   លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី ១៣ ខែមីនា ឆ្នាំ  ២០២០ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយកញ្ចប់ទស្សនកិច្ចក្នុងស្រុក ដោយមានការចូលរួមពីតំណាងស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ប្រតិបត្តិករទេសចរណ៍ សហគមន៍ទេសចរណ៍ លោកគ្រូ អ្នកគ្រូ និងយុវជនសិស្សានុសិស្សយ៉ាងច្រើនកុះករនៅរមណីយដ្ឋានឡូរី ជើងភ្នំបាណន់  ។

ការរៀបចំកញ្ចប់ទស្សនកិច្ចក្នុងស្រុកនេះ គឺដើម្បីចូលរួមអបអរពិធីបុណ្យទន្លេលើកទី៦ ក្រោមប្រធានបទ “ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព” ដែលប្រព្រឹត្តទៅរយៈពេល ០៣ថ្ងៃ (ថ្ងៃទី១៣-១៥ ខែមីនា ឆ្នាំ២០២០) នៅខេត្តបាត់ដំបង និងបន្តគាំទ្រនូវយុទ្ធនាការជំរុញចលនាទេសចរក្នុងស្រុក ក្រោមពាក្យស្លោក ”ស្នេហាជាតិ ត្រូវស្គាល់ទឹកដី” ។

ការប្រកាស និងដាក់ចេញនូវកញ្ចប់ទស្សនកិច្ចក្នុងស្រុក ជាយន្តការចាំបាច់ដែលអាចឆ្លើយតបនឹងតម្រូវការ ពិសេសរក្សាបាននូវលំហូរភ្ញៀវទេសចរផ្ទៃក្នុងកម្ពុជា ក្នុងដំណាក់កាលនៃវិបត្តិជំងឺផ្លូវដង្ហើម Covid-19 នេះ។

ក្រសួងទេសចរណ៍ក៏បានដាក់ចេញនូវកញ្ចប់ទស្សនកិច្ចមកកាន់ខេត្តបាត់ដំបងសម្រាប់ពិធីបុណ្យទន្លេលើកទី០៦ នេះផងដែរ ដោយផ្សារភ្ជាប់ទៅនឹងគោលដៅខេត្តបន្ទាយមានជ័យ (ប្រាសាទ និងសហគមន៍បន្ទាយឆ្មារ អាងជើងក្រុស) និងខេត្តសៀមរាបផងដែរ។

សូមបញ្ជាក់ថា  ខេត្តបាត់ដំបងមានគោលដៅទេសចរណ៍ប្រមាណ ៤៦កន្លែង ដែលអាចឲ្យភ្ញៀវទេសចរមកទស្សនាកម្សាន្តបាន មានដូចជា រមណីយដ្ឋានឡូរី ជើងភ្នំបាណន់ ប្រាសាទឯកភ្នំ ភ្នំសំពៅ ល្អាង១០០ អាងកំពីងពួយ ទឹកធ្លាក់ចំការស្វាយ សេកសក សារៈមន្ទីរប្រវត្តិសាស្រ្តខេត្ត ជាដើម ៕