ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សិង្ហបុរី ប្រកាសបិទកន្លែងកម្សាន្តទាំងអស់ដោយក្តីកង្វល់ពីវីរុស Covid-19

ក្រុមអាជ្ញាធររបស់ប្រទេសសិង្ហបុរី បានប្រកាសថា ខ្លួននឹងបិទកន្លែងកម្សាន្តទាំងអស់នៅទូទាំងប្រទេស មានទីរមណីយដ្ឋាន តំបន់ទេសចរណ៍ រង្គសាល ក្លិបរាត្រី រោងភាពយន្ត និងទីតាំងកម្សាន្តផ្សេងទៀត ចាប់ពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនានេះតទៅ ដោយសារក្តីកង្វល់ ពីការឆ្លងរាលដាលកាន់តែខ្លាំងនៃវីរុស Covid-19 ដែលនេះបើតាមការចុះផ្សាយរបស់ The Straits Times ។
ប្រភពដដែលបានបន្តថា ក្រុមអាជ្ញាធរសិង្ហបុរីក៏បានប្រកាសបម្រាមផងដែរ គឺហាមមិនអោយមានការជួបជុំក្រុមមនុស្សពី១០នាក់ឡើងទៅ ហើយប្រសិនបើជនណាបំពានបម្រាមនេះ ជននោះនឹងត្រូវផាកពិន័យជាទឹកប្រាក់១០០០០ដុល្លារសិង្ហបុរី ឬអាចជាប់ពន្ធនាគារ រយៈពេល៦ខែ ឬអាចផាកពិន័យជាប្រាក់ផង និងជាប់ពន្ធនាគារផង ។
សូមបញ្ជាក់ជូនថា គិតត្រឹមថ្ងៃពុធ ទី២៥ ខែមីនានេះ កំណើននៃមនុស្សឆ្លងវីរុស Covid-19នៅជុំវិញពិភពលោក បានកើនឡើងដល់៤២២ ៦១៣នាក់ កំណើននៃមនុស្សស្លាប់បាន កើនឡើងដល់១៨ ៨៩១នាក់ និងមនុស្សដែលបានជាសះស្បើយពីវីរុសនេះក៏បានកើនឡើងដល់១០៨ ៨៧៩នាក់ហើយដែរនៅជុំវិញពិភពលោក ៕