សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តប្រមាណជា ៤២២នាក់ មុននឹងពួកគេចេញបេសកកម្មជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ១៩ (COVID-19)នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ។
លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលបានក្រុមគ្រូពេទ្យស័គ្រចិត្តសម្តេចតេជោបានអោយដឹងថា ក្រោយពីការមានការពីការអំពាវនាវពីក្រសួងសុខាភិបាល ក្នុងការចូលរួមជាកម្លាំងក្នុងការប្រយុទ្ធនឹងជម្ងឺកូវីដ១៩ នោះ ក៏មានអ្នកប្រកបវិជ្ជាជីវៈពេទ្យ សិស្ស និងនិស្សិត ដែលបានបញ្ចប់ការសិក្សា និងកំពុងសិក្សា ក៏បានដាក់ពាក្យចូលរួមសកម្មភាពប្រយុទ្ធនឹងជំងឺកូវីដ១៩ជាបន្តបន្ទាប់។
លោកស្រីថ្លែងទៀតថា ក្រោយបានទទួលអ្នកស្ម័គ្រចិត្តហើយនោះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ក៏បានបើកវគ្គបណ្តុះបណ្តាល និងបំពាក់បំប៉នបច្ចេកទេសបន្ថែមទៅលើការបង្ការ និងត្រួតពិនិត្យការចម្លងជំងកូវីដ១៩នេះ។
លោកស្រីបានបានចាត់ទុកការចូលរួមរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រយុទ្ធជំងឺកូវីដ១៩ ថាជាខ្សែត្រៀមទី១ ដើម្បីសង្គមជាតិ និងគ្រួសារ ហើយការចូលរួមនេះ គឺប្រកបដោយទឹកចិត្តដ៏អង់អាច។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយដែលបានអញ្ជើញមកជួបក្រុមគ្រូពេទ្យប្រឆាំងជម្ងឺកូវីដនាពេលនេះ ហើយក៏ជាពេលវេលាមួយដែលសម្តេចតេជោបានថ្លែងជូនសារដ៏សំខាន់ៗទៅដល់បងប្អូនប្រជាពលរដ្ឋផងដែរ។ សម្តេចតេជោបានអរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានចូលរួមលះបង់កម្លាំងកាយចិត្ត បើទោះបីជាដឹងថាជម្ងឺនេះជាឃាតករលាក់មុខក៏ដោយ។
សម្តេចតេជោថ្លែងថា ការលះបង់របស់ក្មួយៗក្រុមគ្រូពេទ្យគឺជាតម្លៃដ៏ធំធេងសម្រាប់ជួយសង្គ្រោះជីវិតមនុស្ស។ សម្តេចតេជោក៏បានអរគុណដល់អាណាព្យាបាលរបស់ក្មួយៗទាំងអស់ដែលបានអនុញ្ញាតកូនៗមកចូលរួមក្នុងប្រតិបត្តិការនេះ។
សម្តេចតេជោបានបញ្ជាក់ពីមូលហេតុដែលត្រូវយកក្រុមគ្រូពេទ្យនេះស្ម័គ្រចិត្តនេះ គឺយើងបន្ថែមលើកក្រុមគ្រូពេទ្យជំនាញដែលមានជាង២,០០០នាក់នោះ ហើយយើងមិនត្រឹមតែព្យាបាលតែកូវីដ១៩ទេ គឺយើងមានជម្ងឺផ្សេងៗទៀតហើយប្រតិបត្តិការនេះក៏ជាពេលអោយពួកគាត់បានទទួលការបណ្តុះបណ្តាលជំនាញវិជ្ជសាស្ត្រផងដែរ។
នៅថ្ងៃនេះសម្តេចតេជោបានមានប្រសាសន៍ថា ពេលយើងបានរៀបបន្ទប់ចំនួន ៣,០០០បន្ទប់ហើយ សម្រាប់ត្រៀបដាក់អ្នកជម្ងឺ មានទាំងសណ្ឋាគារ សាសារៀន និងអគារស្នាក់នៅរបស់សិស្សផងដែរ។
សម្តេចតេជោបានធានាពីសុវត្ថិភាពក្រុមគ្រូពេទ្យទាំងអស់ ដែលសម្រេចចិត្តមកនេះ។
សម្តេចតេជោបានសង្កត់ធ្ងន់ថា បើគ្មានអាវុធមិនគ្រប់គ្រាន់ទេ គឺមិនអោយចូលប្រយុទ្ធទេ បើគ្មានបរិក្ខាពេទ្យគ្រប់គ្រាន់ទេ គឺមិនអោយចេញព្យាបាលអ្នកជម្ងឺនោះឡើយ។
សម្តេចតេជោបានថ្លែងនូវការអរព្រះគុណចំពោះព្រះមហាក្សត្រ និងសម្តេចម៉ែដែលបានព្រះរាជទានអំណោយជាថវិកាក្នុងសកម្មភាព ប្រឆាំងជម្ងឺកូវីដ១៩ និងអរគុណបណ្តាសប្បុរសជន និងប្រជាពលរដ្ឋទាំងអស់ដែលចូលរួមបរិចាគក្នុងសកម្មភាពនេះ ដែលរហូតមកដល់ពេលនេះ យើងទទួលបានថវិកាប្រមាណជាង៨លានដុល្លារ និងនៅទទួលជាបន្តបន្ទាប់ទៀតហើយបើថវិកានេះសល់ក្រោយបញ្ចប់កូវីដ១៩យើងនឹងបង្វែរចូលមូលនិធីគន្ធបុប្ផា។