ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អ្នកជំងឺវ័យ៥៧ឆ្នាំ ដែលបានផ្ទុកវីរុសកូវីដ១៩ ត្រូវបានក្រុមគ្រូពេទ្យព្យាបាលជាសះស្បើយហើយ

កោះកុង ៖ អ្នកជំងឺវ័យ៥៧ឆ្នាំ ដែលបានផ្ទុកវីរុសកូវីដ១៩ ត្រូវបានក្រុមគ្រូពេទ្យព្យាបាលជាសះស្បើយហើយ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ និង​​បានចេញពីមន្ទីរពេទ្យ និងវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារវិញហើយ។

បុរសវ័យ៥៧ឆ្នាំបានសម្រាក និងទទួលការព្យាបាលអស់រយះពេលជាច្រើនថ្ងៃនៅក្នុងបន្ទប់ដាច់ដោយឡែកនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងបានធ្វើតេសលើសំណាកជាលើក​ទី៣ឃើញថាទទួលបានលទ្ធផលអវិជ្ជមាន ជាមួយគ្នានេះដែរ ។

លោកស្រី​អភិបាលខេត្តកោះកុង ក៏បានដឹកនាំក្រុមការងារចុះមកសួរសុខទុកអ្នកជំងឺវ័យ​៥៧ឆាំ្ន ដែលបានចេញពីមន្ទីរពេទ្យនាពេលនេះផងដែរ ។
ស្របពេលដែលអ្នកជំងឺវ័យ៥៧ឆ្នាំខាងលើ បានជាសះស្បើយពីជំងឺកូវីដ១៩ ហើយត្រូវបានអនុញ្ញាតអោយវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ខ្លួនវិញនោះ។
លោកក៏បានថ្លែងកោតសរសើរពីការយកចិត្តទុកដាក់លះបង់ទាំងកម្លាំងកាយចិត្តរបស់ក្រុមគ្រូពេទ្យ ក្នុងការពិនិត្យនិងព្យាបាលយ៉ាងយកចិត្តទុកដាក់ចំពោះរូបលោក និងសូមផ្តាំផ្ញើរទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលសង្ស័យថាខ្លួនបានឆ្លងជំងឺកូវីដ១៩នេះ មេត្តាមកកាន់មន្ទីរពេទ្យដើម្បីធ្វើការពិនិត្យ កុំមានការលាក់លៀម ឬ ភ័យខ្លាចថាមានការប្រកាន់ជាតិសាសន៍អ្វីនោះទេ។

ការមកកាន់មន្ទីរពេទ្យដើម្បីទទួលសេវាព្យាបាលបានទាន់ពេលវេលាវាជារឿងល្អដូចរូបលោក​ជាដើម និងមិនមានការចម្លងទៅកាន់មិត្តភ័ក្រ ឬក្រុមគ្រួសារយើងថែមទៀតផង ពិសេសសូមផ្តំាផ្ញើរទៅកាន់បងប្អូនដែលមានផ្ទុកវីរុសកូវីដ១៩ ហើយកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនានា មេត្តាកុំមានចិត្តចង់រត់ចេញពីការព្យាបាលអោយសោះ ។
ចំពោះលោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង ក៏បានផ្តាំផ្ញើរអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានការសង្ស័យថាខ្លួនមានអាការៈមិនស្រួលដូចជាក្តៅខ្លួនខ្លាំង ក្អក ផ្តាសសាយ ថប់ដង្ហើម ចុករោយសាច់ដុំ មេត្តាទំនាក់ទំនងមកកាន់មន្ត្រីសុខាភិបាលដើម្បីធ្វើការពិនិត្យ ព្រោះការព្យាបាលមិនមែនជាការពិបាកនោះទេ អ្វីដែលពិបាកគឺការទប់ស្កាត់មិនអោយមានការឆ្លងរីករាលដាលទៅវិញនោះទេ ។
សម្រាប់ខេត្តកោះកុង បានរកឃើញអ្នកផ្ទុកវិរុសកូវីដ១៩ចំនួន២នាក់ ម្នាក់វ័យ៥៧ឆ្នាំ​(ជា​សះ​ស្បើយ) ដែលបានមកពីពិធីសាសនានៅឯប្រទេសម៉ាឡេស៊ី និងម្នាក់ទៀតវ័យ៣៦​ឆ្នាំ ជាអ្នកដែលប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺវ័យ៥៧ឆ្នាំ ហើយសម្រាប់សុខភាពគាត់វិញគឺមានអា​ការៈធម្មតានោះទេ ៕