សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ គណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យទៅលើសេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។
ក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្រ្តី ចំណាយពេលប្រមាណ៣ម៉ោង សម្តេចតេជោ នាយករដ្ឋមន្រ្តី មានប្រសាសន៍ទៅកាន់គណ:អចិន្រៃ្តយ៍ គណៈរដ្ឋមន្ត្រី ពិនិត្យពិភាក្សាទៅលើសេចក្តី ព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ក្នុងខណ:ប្រទេសជាតិក៏ដូចជាពិភពលោកទាំងមូល កំពុងរីករាលដាលនៃជំងឺកូវីដ១៩ មានលក្ខណះជាសកលនោះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាមិនទាន់មានច្បាប់គ្រប់គ្រងប្រទេសជាតិ ក្នុងគ្រាមានអាសន្ននៅឡើយនោះទេ ដូច្នេះការបង្កើតច្បាប់នេះឡើង ដើម្បីជាឧបករណ៍ផ្នែកច្បាប់មួយគ្រប់គ្រងប្រទេសជាតិក្នុងគ្រាមានអាសន្ន។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលផងដែរកុំឱ្យមានការព្រួយបារម្ភច្បាប់នេះ ព្រោះមិនមែនបង្កើតឡើងមកដើម្បីរឹតដ្បិតសេរីភាពរបស់ប្រជាពលរដ្ឋនិងសេរីភាពនៃការបញ្ចេញមតិនោះឡើយ។
ប្រសាសន៍លើកឡើងរបស់សម្តេចតេជោនក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីការអញ្ជើញចូលរួមសម័យប្រជុំពេញអង្គលើកទី៣៣នីតិកាលទី៦នៃរដ្ឋសភាកាលពីថ្ងៃទី៣០ ខែមីនាម្សិលមិញ សម្តេច តេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ «យើងបានធ្វើសេចក្តីព្រាងច្បាប់នេះរួចរាល់ហើយមានទាំងសេចក្តីថ្លែងហេតុប្រុងប្រៀប។
យើងនឹងមានការបែងចែកថាអ្វីខ្លះដែលត្រូវធ្វវើអ្វីខ្លះដែលមិនត្រូវធ្វើ ហើយពេលនោះដាក់ចេញវិធានការបិទទីតាំងសាធារណៈនិងឯកជនណាមួយដែលមានភាពចាំបាច់ដើម្បីឆ្លើយតប»។
សម្តេចតេជោបានបញ្ជាក់ផងដែរថា សេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិ ក្នុងគ្រាមានសអាសន្នត្រូវបានរៀបចំដោយលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថ្មីព្រមទាំងបានបញ្ជូនទៅបណ្តា ឧបនាយករដ្ឋមន្ត្រីទាំងអស់ផងដែរ។
តាមរដ្ឋធម្មនុញ្ញរបស់កម្ពុជាបានចែងថា ការដាក់ប្រទេសឱ្យស្ថិតនៅក្នុងគ្រាអាសន្ន គឺជាការអនុវត្តតាមមាត្រា២២ នៅពេលដែលប្រទេសជាតិស្ថិតនៅក្នុងគ្រោះថ្នាក់ ដែលមិនអាចព្យាករណ៍បាន។
ប៉ុន្តែទោះជាយ៉ាងនេះក្តីរដ្ឋធម្មនុញ្ញរបស់កម្ពុជា មិនបានចែងច្បាស់ និងលម្អិតអំពីអត្ថន័យឬសកម្មភាពការដាក់ប្រទេសជាតិឱ្យស្ថិតនៅក្នុងគ្រាអាសន្ននោះទេ។
មាត្រា២២ថ្មី ចែងថា «នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រ ទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈ ដាក់ប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្ន ក្រោយពីបានមតិឯកភាព ពីនាយករដ្ឋមន្ត្រីប្រធានរដ្ឋសភានិងប្រធានពរឹទ្ធសភា»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាបន្ទាប់ពីពិនិត្យក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រីនៅព្រឹកនេះរួចហើយ សេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិ ក្នុងភាពអាសន្ននឹងត្រូវលើកមកពិភាក្សា និងសម្រេចក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រីនៅពេលខាងមុខ។
សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញក្តីរំពឹងផងដែរថា រដ្ឋសភានឹងពន្លឿនក្នុងការពិនិត្យ និងអនុម័តទៅលើសេចក្តីព្រាងច្បាប់មួយនេះ បន្ទាប់ពីគណៈរដ្ឋមន្រ្តីធ្វើការពិនិត្យសម្រេចហើយនោះ៕