ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

គ្រូពេទ្យចិនជាងបួនម៉ឺននាក់ តែគ្មាននរណាម្នាក់ ឆ្លងមេរោគកូរ៉ូណាទេ ពេលព្យាបាលអ្នកជំងឺកូវីដ១៩ នៅក្រុងអ៊ូហាន ប្រទេសចិន 

(ប្រទេសចិន)៖  លោក ម៉ា សាវវ៉ី (Ma Xiaowei) ប្រធានគណៈកម្មាធិការសុខភាពជាតិរបស់ចិន បានមានប្រសាសន៍ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះថា គ្មានគ្រូពេទ្យរបស់ចិនណាម្នាក់ បានឆ្លងជំងឺកូវីដ១៩ទេ ក្នុងចំណោមគ្រូពេទ្យជាង៤០ ០០០នាក់ ដែលត្រូវរដ្ឋាភិបាលចិន បញ្ជូនទៅព្យាបាលអ្នកជំងឺកូវីដ១៩ នៅក្រុងអ៊ូហាន ខេត្តហ៊ូប៉ី ប្រទេសចិន។

នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពនៃការខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងមេរោគកូរ៉ូណា លោក ម៉ា បានប្រាប់អ្នកកាសែតថា ចាប់តាំងពីពេលឆ្លងរាលដាលមុនគេ នៅក្រុងអ៊ូហាន ខេត្តហ៊ូប៉ី ភាគច្រើនក្នុងចំណោមអ្នកឆ្លងមេរោគកូរ៉ូណា ជាង៦៣ ០០០ករណី បានជាសះស្បើយស្ទើរគ្រប់គ្នាអស់ហើយ គឺស្មើនឹង៩៣ភាគរយតួលេខសរុប នៅទូទាំងខេត្តនេះ។

ចំណែកយោធាជាន់ខ្ពស់របស់ចិន បានបញ្ជាក់ថា ពេទ្យទាហានជាងមួយម៉ឺននាក់ ដែលឈរនៅខ្សែត្រៀមជួរមុខក្នុងសកម្មភាពសង្គ្រោះ ទប់ទល់ និងព្យាបាលអ្នកឆ្លងមេរោគកូរ៉ូណា ក៏គ្មានទាហានណាម្នាក់ បានឆ្លងមេរោគនេះដែរ។

លោក ចេន ជីងយួន (Chen Jingyuan) ប្រធានគណៈកម្មាធិការកណ្តាលនៃនាយកដ្ឋានភស្តុភារបស់កងទ័ពចិន បានលើកឡើងទៀតថា ក្នុងចំណោមទាហានជាង១០ ០០០នាក់នេះ មានជាង៤ ០០០នាក់ ត្រូវបានបញ្ជូនទៅកាន់ក្រុងអ៊ូហាន ខេត្តហ៊ូប៉ី ហើយគ្រែសម្រាកព្យាបាលជាង៣ ០០០គ្រែ ត្រូវបានរៀបចំភ្លាមៗ នៅក្នុងមន្ទីរពេទ្យចល័តរបស់ទាហានជាង៦៣កន្លែង។ ប៉ុន្តែគ្មានពេទ្យទាហានណាម្នាក់ បានឆ្លងមេរោគកូរ៉ូណាឡើយ៕