ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបជាមួយក្រុមហ៊ុនវិនិយោគសាជីវកម្មស្ពាន និងថ្នល់ចិន

(ភ្នំពេញ)៖  ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ប្រទេសចិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យតំណាងក្រុមហ៊ុនវិនិយោគសាជីវកម្មស្ពាន និងថ្នល់ចិន (China Road and Bridge Comrporation CRBC) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩នេះ។

ក្នុងជំនួបពិភាក្សានោះ ក្រុមហ៊ុនវិនិយោគ សាជីវកម្មស្ពាន និងថ្នល់ចិន បានរាយការណ៍ជូនសម្តេចតេជោនាយករដ្ឋមន្រ្តី អំពីបច្ចុប្បន្នភាពនៃគម្រោងវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា និងផែនការសម្រាប់អនុវត្តន៍នៅពេលខាងមុខ ។ កន្លងមកក្រុមហ៊ុនវិនិយោគ សាជីវកម្មស្ពាន និងថ្នល់ចិន បានរួមចំណែកសាងសង់ផ្លូវ និងស្ពាន ជាច្រើនក្នុងប្រទេសកម្ពុជា។

តំណាងក្រុមហ៊ុនវិនិយោគសាជីវកម្មស្ពាន និងថ្នល់ចិន (China Road and Bridge Comrporation CRBC)បានបញ្ជាក់ថា នៅពេលខាងមុខ ក្រុមហ៊ុននឹងសាងសង់ផ្លូវល្បឿនលឿន ពីភ្នំពេញទៅកាន់ ខេត្តព្រះសីហនុ ដែលគ្រោងនឹងបើកការដ្ឋានសាងសង់ក្នុងពេលដ៏ខ្លីខាងមុខនេះ។

ជាមួយគ្នានេះដែរ ក្រុមហ៊ុនក៏មានគម្រោងសាងសង់ផ្លូវល្បឿនលឿន ពីភ្នំពេញទៅកាន់ព្រំដែនកម្ពុជា វៀតណាម បាវិត ការស្ថាបនាផ្លូវលេខ១៥-៥១ ដែលតភ្ជាប់ខេត្តកោះកុង ពោធិ៍សាត់ និងខេត្តបាត់ដំបង។

សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យក្រុមហ៊ុន បើកការដ្ឋានសាងសង់ឲ្យបានឆាប់នូវគម្រោងផ្លូវល្បឿនលឿនភ្នំពេញ ខេត្តព្រះសីហនុ ដែលយើងបានដោះស្រាយរួចរាល់មកហើយនោះ ហើយពាក់ព័ន្ធផ្លូវដែលត្រូវតភ្ជាប់ចេញពីរាជធានីភ្នំពេញ ភ្ជាប់ជាមួយនឹងផ្លូវល្បឿនលឿន គឺត្រូវសិក្សាជាបន្ទាន់ដើម្បីសាងសង់តភ្ជាប់។

សម្តេចតេជោ បន្តថា ដោយឡែកផ្លូវល្បឿនលឿនភ្នំពេញ-បាវិត សម្តេចតេជោបានបញ្ជាក់ថា ក្រុមហ៊ុនត្រូវតែសិក្សានិងជជែកគ្នាបន្ថែមជាមួយនឹងស្ថាប័នពាក់ព័ន្ធ ដោយសារមានក្រុមហ៊ុនជាច្រើនបានសិក្សារួចរាល់មកហើយ៕