ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រាជរដ្ឋាភិបាលកម្ពុជាបានសន្សំសំចៃថវិកាបន្ថែម៩១៨លានដុល្លារ សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

ដូចបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសបានដឹងច្បាស់ហើយអំពីការរីករាលដាលជំងឺឆ្លងកូវីដ-១៩ នៅទូទាំងពិភពលោកដែលធ្វើអោយមានការព្រួយបារម្ភយ៉ាងខ្លាំង។ទោះបីអត្រានៃការឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជាមានកម្រិតទាបហើយការព្យាបាលបានជាច្រើនឡើងជារៀងរាល់ថ្ងៃក៏ពិតមែន ប៉ុន្តែជំងឺនេះគឺនៅតែជាជំងឺឆ្លងដ៏កាចសាហាវបំផុត។
ជាក់ស្តែង នៅជុំវិញប្រទេសយើងដូចជាប្រទេសថៃនិងវៀតណាម គឺកំពុងប្រឈមនឹងការឆ្លងរាលដាលយ៉ាងខ្លាំង។ដូច្នេះកម្ពុជាត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ជាមួយវិធានការទប់ស្កាត់គ្រប់ជ្រុងជ្រោយ រួមទាំងការត្រៀមបម្រុងថវិកាសម្រាប់ទិញសម្ភារៈនិងបរិក្ខាពេទ្យ ព្រមទាំងស្បៀងអាហារស្តុកទុកសម្រាប់ជួយប្រជាពលរដ្ឋក្នុងស្ថាន ភាពដែលយើងមិនអាចមើលឃើញណាមួយ។
កាលពីពេលថ្មីៗនេះ តាមរយៈការរៃអង្គាសមូលនិធិពីសប្បុរសជន និងពីមន្រ្តីរាជការសម្រាប់មូលនិធិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩គឺបានទទួលជាង១១លានដុល្លារអាមេរិករួចហើយ។​
នៅថ្ងៃទី ៧​ មេសាម្សិលមិញនេះ​សម្តេចតេជោ ហ៊ុន សែន នាយ ករដ្ឋមន្រ្តីបានបញ្ជាក់ប្រាប់ជាសាធារណះអំពការសម្រេចកាត់បន្ថយថវិកាចំនួន៩១៨លានដុល្លារអាមេរិកថែមទៀតពីស្ថាប័នរដ្ឋទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដើម្បីយកមកត្រៀមបម្រុងសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ខ្ញុំសុំការយោ គយល់ពីស្ថាប័នជាតិគ្រប់ថ្នាក់ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដែលរាជរដ្ឋាភិបាលត្រូវបង្ខំចិត្តកាត់បន្ថយការចំណាយពីរដងលើកទីមួយគឺកាត់បន្ថយការចំណាយចំនួន៤៤៣ លានដុល្លារអាមេរិក និងលើកទីពីរនេះកាត់បន្ថយការចំណាយចំនួន៤៧៥លានដុល្លារអាមេរិកថែមទៀត។
បូកសរុបទាំងពីរលើកនេះគឺមានចំនួន៩១៨លាន ដុល្លារអាមេរិក សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ”៕