(ភ្នំពេញ)៖ លោក លាង សំណាត់ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩នេះ បានបើកសវនាការ និងប្រកាសសាលក្រមសម្រេចផ្តន្ទាទោស ជនជាប់ចោទឈ្មោះ សុន ពិសាល ជាមន្ត្រីនគរបាលក្រសួួងមហាផ្ទៃ មានតួនាទីនាយរងផ្នែកបន្ទប់ពិសោធន៍ នៃនាយកដ្ឋាននគរបាលបច្ចេសទេស និងវិទ្យាសាស្រ្ត ដាក់ពន្ធនាគារ២ឆ្នាំ តែអនុវត្តទោសក្នុងគុក១ឆ្នាំ ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស»។
សូមបញ្ជាក់ថា អតីតមន្រ្តីនគរបាលរូបនេះ រួមជាមួយបក្ខពួកមួយចំនួនទៀត បានធ្វើសកម្មភាពចាប់វាយជនរងគ្រោះឈ្មោះអុឹម បញ្ញា ភេទប្រុស អាយុ២៤ឆ្មាំ នៅពេលយប់ ដើម្បីគៀបស៊ី ដោយពួកគេតាំងខ្លួនជាក្រុមសមត្ថកិច្ច បង្ក្រាបមុខសញ្ញា ។ ប៉ុន្តែនៅទីបំផុត ត្រូវជាប់ខ្នោះ និងដេកគុកខ្លួនឯងទៅវិញ ។
ជនជាប់ចោទឈ្មោះ សុន ពិសាល ត្រូវនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅ។
គួររំលឹកថា មន្ត្រីនគរបាលរូបនេះ និងបក្ខពួកមួយក្រុម មានខ្លះស្លៀកពាក់ជាឯកសណ្ឋានមន្រ្តីនគរបាលជាតិ និងខ្លះស៊ីវិល បានចាប់យុវជនឈ្មោះអុឹម បញ្ញា ដាក់ខ្នោះនិងវាយដំ រួចចាប់អូសដាក់លើម៉ូតូកង់បី រួចដឹកយកទៅទម្លាក់ចោលនៅក្នុងក្រសួងមហាផ្ទៃ កាលពីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវលេខ៣៦០ កែងផ្លូវ១០៥ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្នុងអំពើហិង្សានេះ ជនរងគ្រោះមានស្នាមរងរបួសធ្ងន់ត្រង់ចិញ្ចើមខាងស្តាំ និងដៃមានជាប់ខ្នោះពេលនាំទៅដល់មន្ទីរពេទ្យ ៕