បន្ទាយមានជ័យ ៖ លោក ប៉ាង វណ្ណាសេដ្ឋ ប្រធាន មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយ មានជ័យ បានឲ្យដឹងនៅថ្ងៃទី២១មេសា ឆ្នាំ ២០២០ថា៖ សហគមន៍កសិកម្ម បន្លែបៃតងពង្រកងវ៉ា ដែលមាន ទីតាំងស្ថិតនៅក្នុងភូមិ ពង្រ សង្កាត់កំពង់ ស្វាយ,ក្រុងសិរីសោភ័ណកំពុងបង្កើនសកម្មភាព ក្នុងការដាំដុះដំណាំកសិកម្មគ្រប់ប្រភេទ សម្រាប់ផ្គត់ផ្គង់ទីផ្សារ ក្នុងស្រុក ខណៈប្រទេសជិតខាងកំពុងបិទព្រុំដែន ដោយ ក្លាចឆ្លងជំងឺកូវិដ-១៩ ។
លោក ប៉ាង វណ្ណាសេដ្ឋ បានឱ្យដឹងថា សហគមន៍កសិកម្មបន្លែបៃតង ពង្រកងវ៉ានេះ មានផ្ទៃដីដាំដុះជាង ៤០,៥ហិកតា ដោយក្នុងនោះផ្ទៃដីប្រមាណជា ២៧,៥ហិកតា សមាជិក សហគមន៍ អាចមានលទ្ធភាពធ្វើការដាំដុះពេញមួយឆ្នាំ និងផ្ទៃដីចំនួន ១៣ហិកតា អាចដាំដុះតាមរដូវកាល ដែលមានទឹកសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។
លោកបានបន្ដថា ដោយទទួលបានការ សម្រប សម្រួល ចងក្រងជាបណ្តុំអាជីវកម្ម ដំណាំបន្លែពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ សមាជិក ៤៦គ្រួសារ នៃចំនួន ៥៥គ្រួសារសរុបនៃ សហគមន៍ បាននិងកំពុងរៀបចំបំពាក់ផ្ទះសំណាញ់ ក្រោមជំនួយ របស់កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាស ធាតុ ។
យោងតាមតួលេខមន្ទីរកសិកម្មខេត្តបានឱ្យដឹងថា ដំណាំ និងទិន្នផលសរុបប្រចាំឆ្នាំ ដែលសហគមន៍នេះបាននិងកំពុងទទួលបានពីដាំដុះ និងផ្គត់ផ្គង់មកទីផ្សារក្នុងស្រុក រួមមាន ពោតផ្អែមចំនួន៦៦តោន, ត្រឡាចចំនួន ១២តោន, ត្រសក់ចំនួន ១៧តោន, បន្លែយកស្លឹក ចំនួន៥០តោន, ត្រប់ស្រួយ ត្រប់វែងចំនួន ៨០តោន, ប៉េងប៉ោះចំនួន ៥តោន,ននោងជ្រុង ចំនួន ១០តោន, ល្ពៅចំនួន២០តោន,ល្ហុងចំនួន ១០តោន, ម្ទេសចំនួន ៥តោន, ខ្ទឹមបារាំង ចំនួន ១៥តោន, និង ខ្ទឹមសចំនួន ០,៥០តោន ៕
ដោយ៖ សំរិត