ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

 សាលាដំបូងរាជធានីភ្នំពេញជនុំជម្រះលើសំណុំរឿងលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ និងបក្ខពួក៣នាក់  ពាក់ព័ន្ធរឿងសម្លាប់ស្រីស្នេហ៍

(ភ្នំពេញ)៖  នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ លោក ហម ម៉េងសែ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាប្រធានក្រុុមប្រឹក្សាចៅក្រមជំនុំជម្រះ បានបើកសវនាការកាត់ទោស លោកឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ និងបក្ខពួក៣នាក់ទៀត ពាក់ព័ន្ធសំណុំរឿងឃាតកម្មលើស្រីមេមាយ ជាសង្សាររបស់លោក ឡាយ វណ្ណៈ។

សូមរំលឹកថា តុលាការបានបិទការស៊ើបសួរ និងសម្រេចចោទប្រកាន់លើឈ្មោះ ឡាយ វណ្ណ: ភេទប្រុស អាយុ៤៥ឆ្នាំ និងឈ្មោះ ឡាយ ណារិទ្ធ ភេទប្រុស អាយុ៤៦ឆ្នាំ អតីតស្នងការរងខេត្តតាកែវ និងត្រវជាបងប្រុសបង្កើតរបស់លោក ឡាយ វណ្ណៈ ពីបទឃាតកម្ម ប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិផ្សារតាកោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ យោងតាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។

ចំណែកជនជាប់ចោទពីរនាក់ទៀត ឈ្មោះ ម៉េន សាម៉ៃ ភេទប្រុស អាយុ៣៦ឆ្នាំ ជាតៃកុងឡានរបស់ លោក ឡាយ វណ្ណ: និងឈ្មោះ ជឹម វុធ ហៅ ថូត ភេទប្រុស អាយុ៤១ឆ្នាំ ជាអ្នកបម្រើនៅផ្ទះរបស់លោកស្រី ចែវ សុវឌ្ឍនា ពីបទលាក់បំបាំងតម្រុយ ប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិផ្សារតាកោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ យោងតាមមាត្រា៥៣២ នៃក្រមព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ចែវ សុវឌ្ឍនា ភេទស្រី ត្រូវបានគេប្រទះឃើញចងកក្នុងបន្ទប់ដេក ក្នុងផ្ទះជួលដ៏ធំរបស់ខ្លួន ក្នុងភូមិផ្សារតាកោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨កន្លងទៅ។

ក្រោយពីកើតហេតុភ្លាមៗ សមត្ថកិច្ចសន្និដ្ឋានថា ជារឿងអត្តឃាត ព្រោះតែវិបត្តិស្នេហា។ ប៉ុន្ដែក្រោយពីបើកការស្រាវជ្រាវ សមត្ថកិច្ចជំនាញរបស់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ករណីខាងលើ មិនមែនជារឿងអត្តឃាតឡើយ ពោលគឺរឿងឃាតកម្ម ដោយមានអ្នកបញ្ជា និងរៀបចំទុក ហើយបានឃាត់ខ្លួនក្រុមជនដៃដល់ទាំង៤នាក់ ខាងលើតែម្តង៕