(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពូជា បានបញ្ជាក់ឲ្យដឹងថ្ងៃ០៥ ខែឧសភា ឆ្នាំ២០២០នេះថា ក្នុងចំណោមបញ្ជីនៃប្រទេស ដែលបានទទួលទិញផលិតផលកសិកម្មពីកម្ពុជា គឺមានប្រទេសរុស្ស៊ីផងដែរ ដែលបានបន្តបញ្ជាទិញផលិតផលគ្រាប់ស្វាយចន្ទីរបស់កម្ពុជា។
របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារពិភពលោក ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២០នេះ បានឲ្យដឹងថា បរិមាណនៃការនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ មានបរិមាណសរុបជាង១៨៦.២០៥តោន។
មន្ត្រីពាក់ព័ន្ធផ្នែកវិស័យកសិកម្ម បានបញ្ជាក់ថា ផលិតផលជាគ្រាប់ស្វាយចន្ទី ដែលកម្ពុជានាំចេញនាពេលបច្ចុប្បន្ននេះ មានប្រទេសវៀតណាម, ជប៉ុន, រុស្ស៊ី, ចិន និងកោះហុងកុង។
ក៏ប៉ុន្តែសម្រាប់ប្រទេសរុស្ស៊ីវិញ មន្ត្រីរូបនេះ មិនបានបញ្ជាក់ថា តើបាននាំចូលផលិតផលជាគ្រាប់ស្វាយចន្ទីនៅក្នុងបរិមាណប៉ុន្មាននោះទេ គ្រាន់តែដឹងថា រុស្ស៊ី គឺនៅក្នុងចំណែកនៃការនាំចេញសរុបប្រមាណជាង១៨៦.២០៥តោន។
រហូតមកដល់ពេលនេះ ផលិតផលស្វាយចន្ទី ត្រូវបានគេដឹងថា គឺអាចដាំបានច្រើននៅស្ទើរគ្រប់បណ្តាខេត្ត ចំណែកប្រជាកសិករខ្មែត ក៏និយមដាំដុះនៅតាមរបង ហើយទទួលបានផលប្រហាក់ប្រហែលនឹងការដាំតាមដីចម្ការធំៗ៕