(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ការប៉ុនប៉ងទម្លាក់សម្តេចតេជោ ហ៊ុន សែន ពីនាយករដ្ឋមន្ត្រីត្រូវបរាជ័យ ដើម្បីបញ្ឈប់ការបង្ហូរឈាមរវាងខ្មែរ និងខ្មែរ។
បំណងលាលែងចេញពីតំណែងជានាយករដ្ឋន្រ្តីរបស់សម្តេចតេជោ ត្រូវបាននាយឧត្តមសេនីយ៍ ទៀ បាញ់ និងនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រកាសបដិសេធ។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា បើសម្តេចតេជោលាលែងពីតំណែងនាយករដ្ឋមន្រ្តីនោះ សង្គ្រាមបង្ហូរឈាមមួយនឹងកើតមានឡើង។ សម្តេចបានបន្តថា ពេលនោះហើយ ដែលធ្វើឲ្យ ការប៉ុនប៉ងទម្លាក់សម្តេចតេជោពីនាយករដ្ឋមន្ត្រីត្រូវបានបរាជ័យ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីប្រារព្ធខួប២០ឆ្នាំថ្ងៃកំណើតកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។
នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមករា គ.ស ២០១៩នេះពិធីអបអរសាទរខួបលើកទី ២០ នៃកងទ័ពជើងគោកថ្ងៃនេះ គឺប្រាព្ឋធ្វើឡើងនៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ពិធីអបអរសាទរខួបលើកទី ២០ នៃកងទ័ពជើងគោកថ្ងៃនេះ ក៏មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា មន្ត្រីតំណាងអង្គទូតនានា ព្រមទាំងមន្ត្រីសេនានុព័ន្ធយោធារបស់បណ្តាប្រទេសជាច្រើនរូប។ ក្រៅពីនោះក៏មាននាយទាហាន ពលទាហាន អមដោយយុទ្ធោបករណ៍ទំនើបៗជាច្រើនត្រូវយកមកបង្ហាញក្នុងពិធីនេះ៕