សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា ត្រូវធានាថា សង្គមជាតិកម្ពុជាមានសន្តិភាព ទោះក្នុងកាលៈទេសៈណាក៏ដោយមិនត្រូវឲ្យនរណាបំផ្លាញសន្តិភាពនៅកម្ពុជាបាននោះឡើយ ហើយសម្តេចតេជោ តែងផ្តោតការយកចិត្តទុកដាក់ទៅលើខឿនការពារជាតិប្រជាជន ព្រោះកងទ័ពកើតចេញពីប្រជាជន និងធ្វើអ្វីៗ ដើម្បីសេចក្តីសុខរបស់កងទ័ព។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីប្រារព្ធខួប២០ឆ្នាំថ្ងៃកំណើតកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។
នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមករា គ.ស ២០១៩នេះពិធីអបអរសាទរខួបលើកទី ២០ នៃកងទ័ពជើងគោកថ្ងៃនេះ គឺប្រាព្ឋធ្វើឡើងនៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ពិធីអបអរសាទរខួបលើកទី ២០ នៃកងទ័ពជើងគោកថ្ងៃនេះ ក៏មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា មន្ត្រីតំណាងអង្គទូតនានា ព្រមទាំងមន្ត្រីសេនានុព័ន្ធយោធារបស់បណ្តាប្រទេសជាច្រើនរូប។ ក្រៅពីនោះក៏មាននាយទាហាន ពលទាហាន អមដោយយុទ្ធោបករណ៍ទំនើបៗជាច្រើនត្រូវយកមកបង្ហាញក្នុងពិធីនេះ៕