(ត្បូងឃ្មុំ)៖ មន្ត្រីបសុព្យាបាល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីយប់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ បានស្ទាក់ចាប់រថយន្តពីរគ្រឿង ដឹកជ្រូករស់ចំនួន៦០០ក្បាល ខណៈឈ្មួញព្យាយាមលួចឆ្លងដែនទៅលក់ក្នុងទឹកដីវៀតណាម ដោយខុសច្បាប់។
យោងរបាយការណ៍របស់មន្ត្រីបសុព្យាបាល បានឲ្យដឹងថា ជ្រូករស់ទាំង៦០០ក្បាលនេះ ត្រូវបានក្រុមហ៊ុន លឹម សុីវមុី នាំចូលដោយខុសច្បាប់ ពីប្រទេសថៃ ដោយឆ្លងកាត់ច្រកទ្វារព្រំដែនអូរស្មាច់ ក្នុងខេត្តឧត្តរមានជ័យ ក្នុងបំណងលួចឆ្លងដែនចូលទៅក្នុងទឹកដីវៀតណាម។
ចំណែកកំណត់ហេតុអំពីលទ្ធផលបង្ក្រាបវិញ បានបញ្ជាក់ថា រថយន្ដទាំងពីរគ្រឿងនេះ មានម្ចាស់ឈ្មោះ បឿន គឹមស្រេង ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិពោធិ៍ស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជាអ្នកដឹកជ្រូកខុសច្បាប់ឲ្យក្រុមហ៊ុន លឹម ស៊ីវម៉ី ដែលគេល្បីថា ពូកែខាងរកស៊ីឆ្លងដែនខុសច្បាប់។
យោងតាមលិខិតអនុញ្ញាតឲ្យដឹកជញ្ជូន ដែលគេនិយមហៅថា PC (Permit Certificate) បានឲ្យដឹងថា រថយន្តទាំងពីរគ្រឿងនេះ ដឹកជ្រូកលើសកំណត់ និងធ្វើដំណើរខុសគោលដៅ ដែលត្រូវបានកំណត់ក្នុងលិខិតស្នើ និងផ្ទុយពីលិខិតអនុញ្ញាត។
មន្ត្រីបសុព្យាបាល បានបញ្ជាក់បន្ថែមថា ក្រុមហ៊ុន លឹម ស៊ីវម៉ី បានដឹកជ្រូករស់ហួសការកំណត់ ដែលច្បាប់អនុញ្ញាតឲ្យដឹកត្រឹមតែ៤០ក្បាលប៉ុណ្ណោះ ក្នុងមួយរថយន្ដ ប៉ុន្តែបែរជាហ៊ានដឹកបែបបន្លំភ្នែកច្រើនហួសហេតុ និងខុសគោលការណ៍កំណត់ក្នុងច្បាប់។