ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

បទវិភាគ៖ ផ្សារអ៊ូហានរបស់ចិន មានចំណែកក្នុងការផ្ទុះវីរុសកូវីដ១៩ ប៉ុន្តែត្រូវការការស្រាវជ្រាវថែមទៀត

(ហ្ស៊ឺណែវ)៖ អង្គការសុខភាពពិភពលោក បាននិយាយនៅថ្ងៃសុក្រថា ផ្សារលក់ដុំនៅកណ្តាលក្រុងអ៊ូហាន (Wuhan) របស់ប្រទេសចិន មានចំណែកក្នុងការផ្ទុះឡើងនូវវីរុសកូវីដ១៩ កាលពីចុងឆ្នាំ២០១៩ ដែលជាប្រភព ឬអាចជា «កន្លែងចម្លងមេរោគឲ្យកាន់តែខ្លាំងឡើង» ហើយអំពាវនាវឲ្យមានការស្រាវជ្រាវបន្ថែម។

យោងតាមការផ្សាយនៃទីភ្នាក់ងារព័ត៌មាន រ៉យទ័រ (Reuters) របស់អង់គ្លេស បាឲ្យដឹងថា អាជ្ញាធរចិន បានបិទផ្សារអ៊ូហាន នៅក្នុងខែមករា ឆ្នាំ២០២០នេះ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់ការរីករាលដាលនៃវីរុសកូវីដ១៩ និងបានហាមឃាត់ជាបណ្តោះអាសន្នមិនឲ្យជួញដូរ និងទទួលទានសត្វព្រៃ។

លោកវេជ្ជបណ្ឌិត ភីធើ បេន អេមបារ៉េក (Peter Ben Embarek) អ្នកជំនាញរបស់អង្គការសុខភាពពិភពលោក ផ្នែកសុវត្ថិភាពចំណីអាហារ និងវីរុសហ្សូណូទិក ដែលឆ្លងវពីសត្វទៅមនុស្ស, បានមានប្រសាសន៍ថា «ផ្សារដើរតួយ៉ាងសំខាន់នៅក្នុងករណីនេះ។ ប៉ុន្តែ វាមិនច្បាស់ទេថា មានតួនាទីអ្វី ដែលយើងមិនដឹងច្បាស់។ តើវាជាប្រភព ឬជាកន្លែងចម្លងមេរោគឲ្យកាន់តែខ្លាំងឡើង ឬគ្រាន់តែជារឿងចៃដន្យ ដែលករណីខ្លះត្រូវបានគេរកឃើញនៅក្នុងផ្សារ និងនៅជុំវិញផ្សារនេះ»។

លោកបានមានប្រសាសន៍បែបនេះ ប្រាប់សន្និសីទសារព័ត៌មាន ឯស្នាក់កណ្តាលរបស់អង្គការសុខភាពពិភពលោក នាក្រុងហ្សឺណែវ ប្រទេសស្វីសថា វាមិនច្បាស់ទេថា តើសត្វរស់ ឬអ្នកលក់ ឬអ្នកទិញ អាចជាអ្នកនាំមេរោគចូលក្នុងផ្សារ។

រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក លោក ម៉ៃ ប៉ុមពីអូ (Mike Pompeo) បានមានប្រសាសន៍ថា មាន «ភ័ស្តុតាងសំខាន់ៗជាច្រើន» បញ្ជាក់ថា វីរុសនេះចេញមកពីមន្ទីរពិសោធន៍ក្រុងអ៊ូហាន។ ប៉ុន្តែលោកបានបន្តទៀតថា មិនមានភាពប្រាកដប្រជាក៏ដោយ។

ទោះជាយ៉ាងណា របាយការណ៍ចារកម្មរបស់មអាឡឺម៉ង់ បានបញ្ជាក់ដូចការសង្ស័យរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកឡើយ ដោយលើកឡើងថា មិនមានភ័ស្តុតាងបង្ហាញជាសាធារណៈណាមួយ អាចបញ្ជាក់ការឆ្លងរាលដាលនេះឲ្យជាប់ពាក់ព័ន្ធទៅមន្ទីរពិសោធន៍នៅក្រុងអ៊ូហានទេ ហើយអ្នកវិទ្យាសាស្ត្រ បាននិយាយថា មេរោគនេះហាក់ដូចជាមានការវិវត្តនៅក្នុងធម្មជាតិ។

លោកវិជ្ជបណ្ឌិត ភីធើ បេន អេមបារ៉េក មិនបកស្រាយចំពោះការចោទប្រកាន់របស់លោក ម៉ៃ ប៉ុមពីអូ នេះទេ។

លោកបានកត់សម្គាល់ថា វាត្រូវការអ្នកស្រាវជ្រាវក្នុងរយៈពេលមួយឆ្នាំ ដើម្បីកំណត់អត្តសញ្ញាណសត្វអូដ្ឋដែលជាប្រភពនៃវីរុស ឈ្មោះ មើស, មេរោគរលាកផ្លូវដង្ហើមនៅមជ្ឈឹមបូព៌ា (Middle East Respiratory Syndrome) ដែលបានកើតឡើងនៅក្នុងប្រទេសអារ៉ាប់ប៊ីសាអូឌីត ក្នុងឆ្នាំ២០១២ និងបានឆ្លងរីករាលដាល នៅមជ្ឈឹមបូព៌ា ដូច្នេះសម្រាប់វិទ្យាសាស្ត្រ «វាមិនទាន់ហួសពេលទេ» ដើម្បីស្រាវជ្រាវរកប្រភពមេរោគកូរ៉ូណា នៅក្រុងអ៊ូហាន ប្រទេសចិន។

លោកវេជ្ជបណ្ឌិត បានបន្តទៀតថា «អ្វីដែលសំខាន់, អ្វីដែលអាចជួយបានច្រើន គឺត្រូវចាប់មេរោគឲ្យបាន មុនពេលវាសម្របខ្លួនវាទៅនឹងមនុស្ស, មុនជំនាន់ដែលយើងមានឥឡូវនេះ។ ពីព្រោះបន្ទាប់មក យើងនឹងយល់កាន់តែច្បាស់ពីរបៀប ដែលវាសម្របខ្លួនទៅនឹងមនុស្ស និងរបៀបវាវិវត្តខ្លួន»។

លោកបានបន្ថែមថា «បើនិយាយពីការស៊ើបអង្កេតវិញ ប្រទេសចិនប្រហែលជាមានជំនាញចាំបាច់ទាំងអស់ដើម្បីស៊ើបអង្កេតករណីនេះ។ ចិនមានអ្នកស្រាវជ្រាវច្រើន ដែលមានសមត្ថភាពខ្ពស់ចំពោះរឿងនេះ»។

តាមការសង្កេតឃើញជាទូទៅ នៅទូទាំងទ្វីបអាស៊ី ផ្សារតែងតែលក់ផលិតផលស្រស់ៗ និងសត្វរស់ ដូចជាមាន់ ទា ត្រី ជាដើម ហើយលក់តាមទីល្ហល្ហេវ និងគ្មានអនាម័យត្រឹមត្រូវ។

លោកវេជ្ជបណ្ឌិត ភីធើ បេន អេមបារ៉េក បានមានប្រសាសន៍ទៀតថា ផ្សារជាច្រើននៅទូទាំងពិភពលោក ដែលលក់សត្វរស់ ត្រូវស្ថិតក្រោមបទប្បញ្ញត្តិច្បាស់លាស់ណាមួយ ហើយលក្ខខណ្ឌអនាម័យ ត្រូវតែកែលម្អ ចំណែកកន្លែងលក់ខ្លះគួរតែបិទចោលតែម្តង។ ប៉ុន្តែកន្លែងលក់ភាគច្រើន អាចកែសម្រួល ឬរៀបចំឲ្យបានល្អជាងមុន។

លោកបន្តថា ជារឿយៗ វាពាក់ព័ន្ធនឹងការគ្រប់គ្រងកាកសំណល់, ចលនារបស់មនុស្សនៅក្នុងផ្សារ , ការទុកដាក់ទំនិញ, ការដាក់ឲ្យនៅដាច់ឡែក រវាងសត្វមានជីវិត និងផលិតផលធ្វើពីសត្វ៕