ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អភិបាលខេត្តពោធិ៍សាត់ ជំរុញឱ្យប្រជាកសិករបង្កើនការដាំបន្លែសរីរាង្គនិងបន្លែសុវត្ថិភាព

ពោធិ៍សាត់៖ លោកម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានចុះពិនិត្យសកម្មភាព និងវឌ្ឍនភាព នៃខ្សែសង្វាក់ផលិតកម្មបន្លែសុវត្ថិភាព(ការដាំប្រមូលផលនិងការប្រមូលទិញតាមកិច្ចសន្យា)ស្ថិតនៅភូមិអូរស្រឡៅ ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍ សាត់ កាលពីថ្ងៃថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០។

លោក ម៉ៅ ធនិន បានមានប្រសាសន៍ថា ការបណ្ដុះបណ្ដាលបច្ចេកទេសបន្ថែម ដល់ប្រជាកសិករ នៅក្នុងការដាំបន្លែសរីរាង្គ និងបន្លែសុវត្ថិភាព គឺដើម្បីបង្កើនបរិមាណផលិតផល និងធានាគុណភាពក្នុងការប្រកួតប្រជែងនៅលើទីផ្សារដើម្បីឆ្លើយតប ទៅតាមតម្រូវការរបស់អ្នកបរិភោគ។

លោកអភិបាលខេត្ត បានបន្តទៀតថា ដោយសារកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសង្គម ធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើនលើសពីការរំពឹងទុក ។ ក្នុងបរិ បទកំណើនសេដ្ឋកិច្ចនេះបានទាមទារ និងផ្តល់ឱកាសដល់ប្រជាកសិករយើង កែប្រែទម្លាប់ពីការផលិតសម្រាប់ប្រើប្រាស់ក្នុងគ្រួសារ មកជាការផលិតសម្រាប់ធ្វើពាណិជ្ជកម្ម និងបំពេញតម្រូវការលើទីផ្សារវិញម្តង ។

លោកអភិបាលខេត្ត បានលើកឡើងថា បន្លែគីមីនៅលើទីផ្សារ គឺគ្មានលំនឹងនោះទេ ថ្ងៃនេះលក់បានថ្លៃ ថ្ងៃស្អែកអាចនឹងធ្លាក់តម្លៃ ដែលធ្វើឱ្យអ្នកផលិតបន្លែតាមមិនទាន់ទីផ្សារនោះឡើយ ។ ប៉ុន្តែបើបន្លែសរីរាង្គ ឬបន្លែសុវត្ថិភាព ដែលប្រើប្រាស់ជីធម្មជាតិ ទោះបន្លែគេដទៃធ្លាក់ថ្លៃ ក៏បន្លែសរីរាង្គ ឬបន្លែសុវត្ថិភាពនៅតែរក្សាតម្លៃបានដដែល។

លោកបានអំពាវនាវដល់ ប្រជាកសិករ ឱ្យប្រើប្រាស់ ជីធម្មជាតិ សម្រាប់ ដំណាំ ស្រូវ ឬដំណាំរួមផ្សំផ្សេងៗ ដើម្បីទទួលបានទិន្នផល ខ្ពស់ និងតម្លៃថ្លៃលើទីផ្សារ ។ ជាមួយគ្នានោះ លោកបានជំរុញឱ្យមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ត្រូវចលនា ប្រជាពលរដ្ឋប្រើប្រាស់ឱ្យអស់លទ្ធភាព ក្នុងការស្តារផ្លូវទឹកធម្មជាតិ បឹងអូរ ប្រឡាយ ស្ទឹង ដើម្បីយកដី ឬទឹក មកប្រើប្រាស់ក្នុងវិស័យកសិកម្ម និងជីវភាពរស់នៅប្រចាំថ្ងៃ ចៀសវាងទុកឱ្យនៅកកស្ទះ ហើយទិញដីខាងក្រៅមកប្រើប្រាស់ ៕