ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរដល់ជំងឺអ្នកកូវី-១៩ ចុងក្រោយ ដែលជាសះស្បើយ ធ្វើឲ្យកម្ពុជាលែងមានអ្នកជំងឺទៀត

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ បានផ្ញើសារអបអរសាទរដល់អ្នកជំងឺកូវី-១៩ ចុងក្រោយ ដែលបានជាសះស្បើយ និងធ្វើឲ្យប្រទេសកម្ពុជាលែងមានអ្នកជំងឺនេះទៀត។

សារបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា «សូមអបអរសាទរក្មួយស្រី ដែលជាអ្នកជំងឺកូវីដ-១៩ ចុងក្រោយ ដែលបានព្យាបាលជាសះស្បើយ នៅថ្ងៃទី១៦ ខែឧសភានេះ ដែលសរុបទាំងអស់មានចំនួន១២២នាក់។ នៅពេលនេះប្រទេសយើងក៏មិនមានអ្នកឆ្លងជម្ងឺកូវីដ-១៩ថ្មីថែមទៀតដែរ»។

ទោះបីជាអ្នកជំងឺកូវី-១៩ ទាំង១២២នាក់ ត្រូវបានក្រុមវេជ្ជបណ្ឌិតខ្មែរព្យាបាលរហូតជាសះស្បើយក្តី សម្តេចតេជោ ហ៊ុន សែន បានក្រើនរំឭកឲ្យប្រជាពលរដ្ឋគ្រប់រូបបន្តការប្រុងប្រយ័ត្នជាប្រចាំ ដើម្បីកុំឲ្យមានករណីឆ្លងជាថ្មីទៀត។

សម្តេចតេជោ បានរំឭកដូច្នេះថា «ពិតមែនតែយើងពុំមានករណីថ្មីក៏ដោយ សូមបងប្អូនប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នខ្ពស់មានអនាម័យជាប់ជាប្រចាំ គឺត្រូវពាក់ម៉ាសដុសលាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬចឹលសម្លាប់មេរោគឆ្លងផ្សេងៗ ហើយបន្តរក្សាគម្លាតឆ្ងាយពីគ្នា និងកុំចេញក្រៅផ្ទះបើគ្មានការចាំបាច់អ្វីទេនោះ។

«នៅពេលនេះ ប្រទេសជិតខាងយើង និងពិភពលោកទាំងមូល ក៏កំពុងបន្តរាតត្បាតដោយជំងឺកូវីដ-១៩ ដែលជាក្តីបារម្ភដ៏ធំបំផុត ហើយមកទល់ពេលនេះក៏មិនទាន់មានថ្នាំព្យាបាលជំងឺកូវីដ១៩ នៅឡើយដែរ»៕