ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោ ហ៊ុន សែន ថា នឹងកែសម្រួលរដ្ឋបាលថ្នាក់ក្រោមជាតិលុបចោលការិយាល័យមួយចំនួននៅថ្នាក់ស្រុក

(ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពូជា បានថ្លែងថា នឹងកែសម្រួលរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយលុបចោលការិយាល័យចំណុះឲ្យក្រសួងមួយចំនួននៅថ្នាក់ស្រុក ដើម្បីបង្កើនប្រសិទ្ធភាពការងារ។

សម្តេចតេជោបានប្រកាសដូច្នេះ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីប្រមាណ១១,៧៣៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ ក្នុងខេត្តកំពត នាព្រឹកថ្ងៃសុក្រ ៥រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមករា គ.ស ២០១៩នេះ។

សម្តេចតេជោ បានមានប្រសាសន៍ដូច្នេះថា «អង្គភាពរដ្ឋមួយចំនួន ដែលមិនចាំបាច់ត្រូវលុយចេញពីបញ្ជីតែម្តង។ រចនាសម្ព័ន្ធក្រសួងនីមួយៗ ក្រៅពីក្រសួង មានអគ្គនាយកដ្ឋាន, នាយកដ្ឋាន, មន្ទីរតាមខេត្ត និងការិយាល័យនៅតាមស្រុក។ នៅពេលខាងមុខ នឹងលុបចោលការិយាល័យរបស់ក្រសួងមួយចំនួន នៅថ្នាក់ស្រុក ដោយទុកតែការិយាល័យមួយចំនួន ដូចជាផ្នែកកងទ័ព, នគរបាល, សុខាភិបាល, អប់រំ និងមន្ទីររៀបចំដែនដី»។

សម្តេចនាយករដ្ឋមន្ត្រីបានបន្ថែមទៀតថា ការិយាល័យមួយចំនួន ដូចជាការិយាល័យកសិកម្ម, ធនធានទឹក និងការិយាល័យអភិវឌ្ឍន៍ជនបទ នៅថ្នាក់ស្រុក នឹងត្រូវប្រមូលឲ្យនៅមួយកន្លែង ដើម្បីបម្រើការងារមួយចំនួនទៀត៕