ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៏អាស៊ី ADB បានចេញរបាយការណ៍ពីលទ្ធផល វិស័យកសិកម្មក្នុងគម្រោងកម្ចីនិងជំនួយសម្រាប់ឆ្នាំ២០១៩ ដល់ ២០២០ មានទឹកប្រាក់ចំនួន ២៧៥,៨ លានដុល្លារអាមេរិក។នេះបើយោងតាមរបាយការណ៍ចេញផ្សាយប្រចាំឆ្នាំ២០១៩របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ។
របាយការណ៍បានលើកឡើងថា ADB បានផ្ដល់ជំនួយលើគម្រោង និងកម្មវិធីធំៗ ដែលចាប់ផ្តើមអនុវត្តន៍ក្នុងឆ្នាំ២០១៩-២០២០ ក្នុងទឹកប្រាក់ចំនួន២៧៥,៨ លានដុល្លារ អាមេរិក កំពុងបន្តរហូតដល់បច្ចុប្បន្ននេះ រួមមានគម្រោងឧទ្យានជាតិ ថាមពលព្រះអាទិត្យតម្លៃ៧,៦លាន ដុល្លារ ដើម្បីកាត់បន្ថយថ្លៃអគ្គិសនី តាមរយៈការវិនិយោគជាមួយ វិស័យឯកជនលើថាមពល ដែលអាចកកើតឡើងវិញនេះ។
ទន្ទឹមនេះ រោងចក្រថាមពលទាំងនេះ រំពឹងថា នឹងបញ្ជៀសការបញ្ចេញផ្សែងពុលកាបូន ឌីអុកស៊ីតយ៉ាងហោចណាស់១៤៨.៦៥០តោន ក្នុងមួយឆ្នាំ។ កម្មវិធីអភិវឌ្ឍន៍ផ្នែកហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន(កម្មវិធីរងទី២)តម្លៃ ៤០លានដុល្លារ ដើម្បីបង្កើនការទទួលបាន ហិរញ្ញវត្ថុ ព្រមទាំងផ្តល់នូវសេវាហិរញ្ញវត្ថុថ្មីដល់សហគមន៍ក្រីក្រ ដែលរួមមានទីជនបទ ផ្នែកកសិកម្ម ធុរកិច្ចខ្នាតតូច និង មធ្យម។
ការអនុម័តយុទ្ធសាស្រ្តបរិយាប័ន្នហិរញ្ញវត្ថុជាតិ ច្បាប់សំខាន់ៗ ដូចជាច្បាប់កសាងទំនុកចិត្ត ច្បាប់ការពារអតិថិជន ព្រមទាំងការបញ្ចូលចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងកម្មវិធីសិក្សា។ គម្រោងជំនាញសម្រាប់ពង្រឹងសមត្ថភាពប្រកួត ប្រជែង តម្លៃ៦០ លានដុល្លារ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស ទៅជាកម្លាំងពលកម្មដែលមានជំនាញ ក្នុងវិស័យអាទិភាពចំនួនបួន រួមមាន ផ្នែកផលិតកម្ម សំណង់ អគ្គិសនី និងអេឡិចត្រូនិក។
កម្មវិធីទីបីនៃអភិវឌ្ឍន៍ផ្នែកសេវាអនាម័យនិងផ្គត់ផ្គង់ទឹកស្អាតតាមទីជនបទ តម្លៃ៤៩លានដុល្លារ (ដែល៤,៤លានដុល្លារជាប្រាក់ជំនួយ) ដើម្បីលើកកម្ពស់អនាម័យ និងការផ្គត់ផ្គង់ទឹកស្អាតថែមទៀតនៅតាមទីជនបទ។
កម្មវិធីនេះបន្ថែមចំនួនខេត្ត ពីប្រាំមួយ ទៅប្រាំបី (រួមមាន ខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ឆ្នាំង កំពង់ធំ កំពង់ស្ពឺ កំពត ពោធិ៍សាត់ និងខេត្ដសៀមរាប) និងអនុវត្តន៍ក្នុងភូមិចំនួន ៦០០។
របាយការណ៍ដដែលបញ្ជាក់ថា គម្រោងកែលម្អកសិកម្មស្រោចស្រព តម្លៃ១១៩,២ លានដុល្លារ (ដែល ២,២ លានដុល្លារជាប្រាក់ជំនួយ)ដើម្បីពង្រឹងភាពធន់នឹងអាកាសធាតុនៃហេដ្ឋារចនាសម្ព័ន្ធ កសិកម្មសំខាន់ៗ ធ្វើជំនួញផលិតកម្មស្រូវ ពោត ដំឡូងមី និងស្វាយ ព្រមទាំងលើកកម្ពស់ ផលិតភាព និងពិពិធកម្មកសិកម្ម៕