កំពង់ចាម៖ ផ្លូវបេតុង១៧០០ម៉ែត្រ កសាងជុំវិញប្រាសាទនគរបាជ័យ សម្រេចបាន៣០ភាគរយ ដើម្បីសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋជុំវិញតំបន់នេះ និងដើម្បីបង្កើនសោភណ្ឌភាពនៃប្រាងប្រាសាទ ដែលមានអាយុជាងមួយពាន់ឆ្នាំ ព្រមទាំងអាចបញ្ជៀសការបើកបររថយន្តធំៗ ចូលក្នុងបរិវេណបា្រសាទផងដែរ។
អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ អមដំណើរដោយអភិបាលរងខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ បានអញ្ជើញពិនិត្យការសាងសង់ផ្លូវបេតុងមួយខ្សែនេះ ដែលមានប្រវែង១ ៧០០ម៉ែត្រ ព័ទ្ធជុំវិញប្រាសាទនគរបាជ័យ ស្ថិតនៅឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
តាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា ផ្លូវបេតុង ប្រវែង១ ៧០០ម៉ែត្រ ទទឹង៦ម៉ែត្រ សាងសង់ជុំវិញ ប្រាសាទនគរបាជ័យ ដែលផ្លូវ១ខ្សែនេះ ប្រើប្រាស់ថវិការដ្ឋបាលខេត្ត ឆ្នាំ២០២០ ដែលជាលទ្ធផលមកដល់ពេលនេះ សម្រេចបានប្រមាណ៣០ភាគរយហើយ។
ទន្ទឹមនឹងការពិនិត្យមើលផ្លូវមួយខ្សែនេះ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានណែនាំអ្នកទទួលការសាងសង់ត្រូវគោរពតាមបទបដ្ឋានបច្ចេកទេស ដើម្បីធានាគុណភាពសំណង់។ ចំណែកមន្រ្តីបច្ចេកទេសត្រូវចុះត្រួតពិនិត្យបច្ចេកទេសឲ្យបានហ្មត់ចត់ និងជាប្រចាំតាមដំណាក់កាលនីមួយៗ នៃការសាងសង់ផងដែរ។
សូមបញ្ជាក់ផងដែរថា ប្រាសាទនគរបាជ័យមានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ចាមចម្ងាយពីរគីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ចាម និងមានចម្ងាយសរុប១២២គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។
ប្រាសាទនេះស្ថាបនាដោយព្រះមហាវីរក្ស័ត្រព្រះបាទជ័យវរ្ម័នទី៧ នាសតវត្សទី១៣ តាមលំនាំរចនាបថបាយ័ន។ នៅក្នុងបរិវេណប្រាសាទមានសសរពេជ្រខ្ពស់ៗ ឈរទប់ទ្រផ្ដែរប្រាសាទយ៉ាងរឹងមាំ រីឯទ្វារទាំងបួនទិសរបស់ប្រាសាទ ដែលអមដោយជញ្ជាំងទាំងឡាយក៏នៅរឹងមាំល្អគ្មានការរង្គោះរង្គើឡើយ។
ទស្សនៈវិស័យដើមនៃសំណង់ប្រាសាទនេះ គឺឧទ្ទិសដល់ព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា រហូតមកដល់បច្ចុប្បន្នស្ថានភាពប្រាសាទនេះ គឺនៅរឹងមាំល្អណាស់ សម្រាប់ការទស្សនាកម្សាន្ត ហើយក៏បន្សល់ទុកនូវផ្ទាំងសិលាចារិកក៏ដូចជាចម្លាក់នានាស្ថិតនៅក្នុងលំនាំដើមទាំងអស់។ ចំណែកសំណង់ព្រះវិហារព្រះពុទ្ធសាសនា ដែលស្ថាបនាក្រោយសម័យអង្គរ ក៏ស្ថិតនៅល្អតាមលំនាំស្ថាបត្យកម្មដើមផងដែរ។
ក្រោយពិនិត្យការដ្ឋានផ្លូវបេតុង ជុំវិញប្រាសាទនគរបាជ័យរួចមក លោ អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញបន្តដំណេីរ ចុះពិនិត្យផ្លូវកៅស៊ូ DBST ដែលមានប្រវែងបណ្តោ ២,២០០ម៉ែត្រ ទទឹង៧ម៉ែត្រ ដែលជាគម្រោងថវិការាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលខេត្តកំពង់ចាម ចាប់ពីសង្កាត់បឹងកុក ក្រុងកំពង់ចាម ផ្លូវក្រោយបន្ទាយសឹងរងខេត្ត រហូតដល់ព្រលានយន្តហោះ ស្ថិតក្នុងភូមិប្រសំ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕