ប្រព័ន្ធផ្សព្វផ្សាយ Xinhua បានចុះផ្សាយថា កំណើនមនុស្សស្លាប់ដោយសារខ្យល់ព្យុះស៊ីក្លូន អាំផាន (Amphan) បានកើនឡើងដល់ចំនួន១៧នាក់ហើយ នៅទី២១ ខែឧសភា ឆ្នាំ២០២០នេះ នៅប្រទេសឥណ្ឌា ក្នុងខេត្ត វេស បែងហ្កាល់ និងខេត្ត អូឌីហ្សា បានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ។
ខ្យល់ព្យុះស៊ីក្លូន អាំផាន បានបោកបក់ឆ្លងកាត់ប្រទេសបង់ក្លាដែសទៅកាន់ប្រទេសឥណ្ឌាក្នុងល្បឿន២៧០គីឡូម៉ែត្រក្នុងមួយម៉ោង ទៅភាគខាងត្បូងនៃប្រទេសឥណ្ឌា តាមបណ្តោយតំបន់ឆ្នេរសមុទ្រ ដោយនាំយកទឹកភ្លៀងជាច្រើនមេទៅចាក់ស្រោចលើតំបន់នោះផងដែរ ។
អាជ្ញាធរឥណ្ឌា បានជម្លៀសប្រជាពលរដ្ឋប្រមាណជាងកន្លះលាននាក់ចេញពីតំបន់ដែលរងផលប៉ះពាល់ដោយសារខ្យល់ព្យុះនេះ ខណៈប្រទេសនេះ កំពុងទទួលរងផលប៉ះពាល់ដោយសារការឆ្លងរាលដាលនៃវីរុសខូវីដ-១៩ ដែលមានការឆ្លងសរុបចំនួន១១២ ៣៥៩នាក់ និងមនុស្សស្លាប់សរុបចំនួន ៣៤៣៥នាក់ ៕