ក្រសួងការបរទេសរបស់សហរដ្ឋអាមេរិក បានចេញសេចក្តីប្រកាសមួយ កាលពីថ្ងៃទី២១ ខែឧសភានេះ ស្តីពី ការលក់គ្រាប់មីស៊ីលបំពាក់លើនាវាមុជទឹកចំនួន១៨ដើម ក្នុងតម្លៃទឹកប្រាក់ប្រមាណ១៨០លានដុល្លារឲ្យទៅកោះតៃវ៉ាន់ ដែលនេះបើតាមការចុះផ្សាយរបស់ South China Morning Post ។
សេចក្តីសម្រេចនេះ ត្រូវបានធ្វើឡើងខណៈដែលលោកស្រី សៃ អ៊ីងវិន (Tsai Ing-wen) បានជាប់ឆ្នោតជាប្រធានាធិបតីនៃកោះនេះសាជាថ្មី ហើយក្នុងពិធីឡើងកាន់តំណែង លោកស្រី សៃ អ៊ីងវិន បានប្រកាស ប្តេជ្ញាពង្រឹងសមត្ថភាពការពារជាតិរបស់សខ្លួនឲ្យបានរឹងមាំ ។
សូមបញ្ជាក់ថា មីស៊ីលបំពាក់លើនាវាមុជទឹកទាំង១៨ដើម ដែលអាមេរិកបានលក់ឲ្យកោះតៃវ៉ាន់នោះ គឺជាមីស៊ីលប្រភេទ 18MK-48Mod ដែលត្រូវបានផលិតឡើងដោយប្រព័ន្ធបច្ចេកវិទ្យាទំនើប ដែលអាចបាញ់កម្ទេចនាវាមុជទឹកបានដោយងាយ ៕