ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សកម្មជនគណបក្សប្រជាជនឃុំកាត់ភ្លុក និងឃុំភក្តី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បើកវគ្គបណ្តុះបណ្តាលច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក

ភ្នំពេញ៖ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០នេះ លោក៊ហេង សុខគង់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារគណបក្សជួយស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានចូលរួមបើក និងបិទវគ្គបណ្តុះបណ្តាលច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកជូនដល់សកម្មជន និងយុវជនគណបក្សឃុំ និងភូមិ ចំនួន៩៦រូប ដែលក្នុងនោះនៅឃុំកាត់ភ្លុកចំនួន៥៤រូប និងឃុំភក្តីចំនួន៤២រូប។

ក្នុងពិធីនេះ មានការអមដំណើរពីលោកវេជ្ជបណ្ឌិត ស្រូយ អាដុល្លារ ប្រធានក្រុមការងារជួយឃុំកាត់ភ្លុក, លោក លី ចាន់សុភក្តី ប្រធានក្រុមការងារជួយឃុំភក្តី រួមជាមួយថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារជួយឃុំកាត់ភ្លុក និងឃុំភក្តី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ផងដែរ។

បន្ទាប់ពីផ្តាំផ្ញើនូវបណ្តាំសួរសុខទុក្ខពីសំណាក់លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ប្រធានក្រុមការងារជួយខេត្ត, លោក ហ៊ុន ម៉ានី អនុប្រធានទី១ ក្រុមការងារគណបក្សជួយខេត្តកំពង់ស្ពឺ និងលោក អៀង មូលី ប្រធានក្រុមការងារជួយស្រុកបសេដ្ឋ។

លោក ហេង សុខគង់ បានលើកឡើងនូវកម្មវត្ថុចម្បងៗនៃការបើកវគ្គបណ្តុះបណ្តាលអំពីច្បាប់ចរាចរណ៍ផ្លូវគោកនេះ ជូនដល់សកម្មជន និងយុវជនគណបក្ស ដើម្បីឲ្យពួកគាត់យល់ច្បាស់ពីមូលហេតុនៃការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោករបស់រាជរដ្ឋាភិបាល ដែលត្រូវបានតាក់តែងឡើក្នុងគោលដៅ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ជាមួយគ្នានេះដែរ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក គឺធ្វើឡើងសម្រាប់តែអ្នកល្មើសច្បាប់ប៉ុណ្ណោះ ដោយមិនរំខាន ឬប៉ះពាល់ដល់អ្នកធ្វើដំណើរឡើយ ទន្ទឹមនឹងនេះដែរ លោក ហេង សុខគង់ បានស្នើឲ្យសកម្មជន និងយុវជនទាំងអស់ ក្រោយពេលរៀនសូត្រហើយ ត្រូវយកចំណេះដឹងទាំងនេះទៅអប់រំបន្តដល់ក្រុមគ្រួសារ និងមិត្តភក្តិ ដើម្បីចូលរួមអនុវត្តច្បាប់ និងកាត់បន្ថយហានីភ័យនៃគ្រោះថ្នាក់ចរាចរណ៍ទាំងអស់គ្នា។

បន្ថែមពីលើនេះទៀត លោក ហេង សុខគង់ ក៏បានលើកឡើងនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខដឹកនាំកម្ពុជាដែលសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តនូវក្បួនអនាម័យ ការលាងសម្អាតដៃឲ្យបានត្រឹមត្រូវ ការរក្សាគម្លាតសង្គម និងបុគ្គល ការប្រើម៉ាស់ ឬក្រម៉ានៅកន្លែងចាំបាច់ដើម្បីបង្ការការឆ្លងមរោគកូរ៉ូណា៕