ស្វាយរៀង៖ ថ្ងៃទី២៥ ខែឧសភានេះ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត ស្វាយរៀង បាននាំយកអំណោយកាកបាទក្រហមកម្ពុជា ដឹកនាំដោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនប្រជាពលរដ្ឋ មួយគ្រួសារ ដែលរងគ្រោះដោយអគ្គីភ័យ កាលពីរាត្រីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០។
លោកស្រីកិត្តិសង្គហបណ្ឌិតម់ែន សំអន បានមានប្រសាសន៍ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមានក្តីអាណិតអាសូរ និងសោកស្តាយចំពោះឧបទ្ទវហេតុ ដែលបានបំផ្លាញលំនៅដ្ឋាននិងទ្រព្យសម្បត្តិរបស់គ្រួសាររងគ្រោះនាពេលនេះ ។
លោកស្រីម៉ែន សំអន បានអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់សូមមានការ ប្រុងប្រយ័ត្ន ចំពោះការប្រើប្រាស់ ភ្លើង និងចរន្តអគ្គិសនី ដែលជាប្រភពនៃគ្រោះថ្នាកកើតឡើង ជាយថាហេតុ ។
លោកស្រីក៏បានថ្លែងអំណរគុណដល់កងកម្លាំងនៃស្នងការនគរបាលខេត្តស្វាយរៀងដែលបានចូលរួមក្នុងសកម្មភាពពន្លត់អគ្គីភ័យកាលពីរាត្រីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០។
ហើយបានជម្រុញឲ្យនគរបាលគ្រប់មូលដ្ឋានបន្តរាល់សកម្មភាព បង្ការ ការពារសង្គ្រោះប្រជាពលដែល ជួបគ្រោះអាសន្ន ពិសេសករណីអគ្គីភ័យនេះតែម្តង៕