ភ្នំពេញ៖ កាកបាទក្រហមកម្ពុជា បានប្រគល់អំណោយម៉ាស៊ីន អេ ធី អឹមអង្ករចំនួន៤គ្រឿង ដល់រដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ក្នុងការចែកអង្ករជូនដល់ប្រជាពលរដ្ឋ ងាយរងគ្រោះក្នុងរាជធានីភ្នំពេញ។
ពិធីប្រគល់ និងទទួលអំណោយ ម៉ាស៊ីនអេ ធី អឹម អង្ករកាលពីរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា លោកស្រីពុំ ចន្ទនី អគ្គលេខាធិការកាកបាទ ក្រហមកម្ពុជា និងលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ។
លោកស្រី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ថា ម៉ាស៊ីនអេ ធី អឹម អង្ករនេះ ជាអំណោយរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានប្រគល់ជូនកាកបាទក្រហមកម្ពុជា ហើយថ្ងៃនេះកាកបាទ ក្រហមកម្ពុជា បានបន្តជូនទៅរដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ក្នុងការចែកអង្ករជូន ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ។ នេះជាផ្នែកមួយ នៃការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់រលកទីពីរ នៃការចម្លងវីរុសកូវីដ-១៩នៅកម្ពុជា។
លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានថ្លែងអំណរគុណ ចំពោះសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តល់ អំណោយជាម៉ាស៊ីនអេធីអឹមចំនួន ៤គ្រឿង ដល់រដ្ឋបាលរាជធានីភ្នំពេញ។
លោកបានបន្តថា ម៉ាស៊ីននេះពិតជាមានសារៈសំខាន់ក្នុងការប្រើប្រាស់ដើម្បី រក្សាគម្លាតសុវត្ថិភាព ជាពិសេស ក្នុងស្ថានភាពនៃជំងឺកូវីដ-១៩នេះ ហើយរដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបែងចែក ដើម្បីបង្កភាពងាយស្រួលជូនដល់ប្រជាពលរដ្ឋក្នុងដែនដីរាជធានីភ្នំពេញ ៕