ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសឲ្យដឹងថា ជំងឺគ្រុនឈាមក្នុងអំឡុង១៩សប្តាហ៍ដើមឆ្នាំ២០២០នេះ មានចំនួន២១៧២ករណី ចំនួននេះអាចបន្តកើនឡើងនៅតាមភូមិ ឃុំ ស្រុក និងទីប្រជុំជន នៃបណ្តាខេត្តនានា នៅពេលខាងមុខនេះ ប្រសិនបើមិនមានវិធានការការពារឲ្យម៉ត់ចត់និងត្រឹមត្រូវជាមុន ទេនោះ។
ជំងឺគ្រុនឈាមអាចកើតលើមនុស្សគ្រប់វ័យ វាបង្កឡើងដោយមូសខ្លាញីខាំបឺតឈាមចម្លងមេរោភគ្រុនឈាម ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ សត្វមូសខ្លាបង្កបង្កើតកូនចៅនៅក្នុងទឹកថ្លា ស្អាត និងចូលចិត្តរស់នៅជិតមនុស្ស វាហើរបាន ចម្ងាយមិនលើសពី១៥០ម៉ែត្រ ពីកន្លែងកកើត។
សូមបញ្ជាក់ថា៖ ក្រសួងសុខាភិបាលក៏បានចេញសេក្ដីប្រកាសស្ដីពីវិធានការការពារ និងទប់ស្កាត់ជំងឺគ្រុនឈាម ក្នុងរដូវវស្សាឆ្នាំ២០២០ ដើម្បីការពារសុខភាពជៀសផុតពីការឆ្លងជំងឺគ្រុនឈាម ដោយសារ មូសខ្លាញីខាំឲ្យកាន់តែមានប្រសិទ្ធភាព។
លោកសាស្រ្តាចារ្យ ម៉ម ប៊ុន ហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប និងអាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមចលនាកាត់បន្ថយ និងទប់ស្កាត់ ជំរកមូលខ្លាដោយប្រកាន់ខ្ជាប់នូវគោលជំហរជាប្រជាជនគំរូមួយរូប ស្រប នឹងពាក្យស្លោកខ្ញុំ នឹងគ្រួសារខ្ញុំ ជាគ្រួសារគំរូ ព្រោះផ្ទះខ្ញុំ និងលំនៅដ្ឋានរបស់ខ្លុំ គ្មានដង្កូវទឹក ៕