ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

  មន្ត្រីមន្ទីរពាណិជ្ជកម្ម ត្រូវចិត្តទុកដាក់អនុវត្តការងារឱ្យមានប្រសិទ្ធភាពនិងត្រូវចេះម្ចាស់ការដោយខ្លួនឯង

សៀមរាប៖  លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានណែនាំឱ្យមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តសៀមរាប ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តការងារឱ្យមានប្រសិទ្ធភាពខ្ពស់ និងត្រូវចេះម្ចាស់ការដោយខ្លួនឯង ដើម្បីផ្ដល់ភាពងាយស្រួល និងទំនុកចិត្តជូនប្រជាពលរដ្ឋ។

លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ខេត្តសៀមរាប នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០នេះ។

លោករដ្ឋមន្ត្រី មានប្រសាសន៍ថា ការងារសំខាន់ៗមួយចំនួន ដែលមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខា ក.ប.ប ត្រូវយកចិត្តទុកដាក់ខិតខំសម្រេចឱ្យបាន ត្រូវខិតខំបំពេញតួនាទី និងភារកិច្ចរបស់មន្ទីរពាណិជ្ជកម្ម ដែលជាអង្គភាពរដ្ឋបាលតំណាងឱ្យក្រសួងពាណិជ្ជកម្ម ទទួលបន្ទុកអនុវត្តវិស័យពាណិជ្ជកម្ម នៅថ្នាក់ក្រោមជាតិ និងសម្របសម្រួលតាមសកម្មភាពរបស់ក្រសួង។ម្យ៉ាងទៀតត្រូវចុះត្រួតពិនិត្យគុណភាពទំនិញ និងសេវាកម្ម ឱ្យកាន់តែសកម្មថែមទៀត ដើម្បីការពារសុខមាលភាពរបស់ប្រជាពលរដ្ឋកំឡុងពេលការរាត្បាតនៃជំងឺកូវីដ-១៩នេះ។

លោករដ្ឋមន្ត្រី បានបន្ថែមថា មន្ត្រីទាំងអស់ត្រូវពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិយុត្តដែលមានថ្មីៗ ទាក់ទងនឹងក្រសួងពាណិជ្ជកម្ម ជាពិសេស ការគ្រប់គ្រងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិក ដែលច្បាប់នេះទើបតែដាក់ឱ្យប្រើប្រាស់ ហើយអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្មកំពុងរៀបចំនីតិវិធីសម្រាប់គ្រប់គ្រងការងារនេះ ៕